(ភ្នំពេញ)៖ កម្មករជាង៣០០នាក់ មកពីរោងចក្រ Agile sweater នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានដាក់ញត្តិ នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តទៅដាក់នៅក្រសួងមហាផ្ទៃ ដើម្បីស្នើឱ្យសម្តេចទាំងពីរ ជួយអន្តរាគមន៍ដោះលែងកម្មករ៥នាក់ ដែលត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺ ចាប់ខ្លួនកាលពីថ្ងៃអង្គារ។ នេះបើតាមការបញ្ជាក់ពីលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។
លោក ប៉ាវ ស៊ីណា បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «គាត់បានដាក់ញត្តិជូនសម្តេចនាយក ដើម្បីស្នើឱ្យដោះលែងកម្មករ៥នាក់ ឱ្យមានសេរីភាពវិញ ហើយឱ្យជួយស៊ើបអង្កេតចាប់ខ្លួនលោក សុខ រ៉ាវុធ ដែលជាអ្នកបញ្ជាឱ្យប្រើប្រាស់ហិង្សា រៀបចំល្បិចកល ជាមួយអាជ្ញាធរ ក៏ដូចជាចាប់ខ្លួនពួកខ្ញុំ»។
កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន កម្មករ៥នាក់ ដែលជាសមាជិកសហជីពសម្ព័ន្ធចលនាកម្មករ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅម្តុំរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង ក្រុងច្បារមន ជាពេលដែលកម្មករ ទាមទារលក្ខខណ្ឌការងារ ៩ចំណុចពីថៅកែ។
ក្រុមសហជីពក៏បានព្រមាន អំពីការធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទូទាំងប្រទេសផងដែរ បើសិនជាមិនមានចំណាត់ការណាមួយ ឱ្យមានយុត្តិធម៌ និងមិនដោះលែង សមាជិករបស់ពួកគេ៕