(បាត់ដំបង)៖ លោក កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០បានចូលរួមក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ៥បន្ទប់ តម្លៃជាង ៧ម៉ឺនដុល្លារអាមេរិក។
អគារសិក្សានេះ ស្ថិតនៅក្នុងសាលាបឋមសិក្សាប្រឡាយថ្ងូរ ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងឱកាសនោះ លោក កុល វីរក្ស បានថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ បន្តចូលរួម និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដំណាក់កាលទី២ ដោយជំរុញដល់ពលរដ្ឋ ឲ្យអនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ច។
លោកបញ្ជាក់ថា៖ «ទោះជាបច្ចុប្បន្នជំងឺ Covid-19 នៅកម្ពុជាយើងបានជាសះស្បើយអស់ហើយក៏ដោយ តែយើងនៅតែបន្តរឹតបន្តឹងការពារ សម្អាតអនាម័យ លាងដៃដោយសាប៊ូ លាងអាល់កុល និងជែលជាច្រើនដងប្រចាំថ្ងៃ ដើម្បីទប់ស្កាត់រលកទី២ នៃជំងឺCovid-19 មិនឲ្យកើតមាននៅកម្ពុជាយើងទៀតជាដាច់ខាត តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា និងនាំគ្នាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់ពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានយើង»។
ក្នុងឱកាសណែនាំតាមវិធីការពារនេះដែរ លោក កុល វីរក្ស ក៏បានបន្តចូលរួមសហការជាមួយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយនាំអំណោយ យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយចំនួន ៤៦នាក់ មកពីឃុំតាប៉ុន។ ក្នុងនោះ ម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ៦កំប៉ុង ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ធុងធំ និងថវិកាមួយចំនួន។
លោក កុល វីរក្ស និងលោកបណ្ឌិត ប៊ុត គឹមស៊ាន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែដឹងសុខទុក្ខប្រជាពលរដ្ឋ ដែលមានការខ្វះខាតបានទាន់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង ពិសេសមិនដែលទុកឲ្យប្រជាពលរដ្ឋស្លាប់ដោយបាយនោះឡើយ។ ទីណាមានការលំបាក ទីនោះមានមុខកាកបាទក្រហមជានិច្ច៕