(ភ្នំពេញ)៖ ១ថ្ងៃបន្ទាប់ពីកម្ពុជា បានប្រកាសថា អ្នកធ្លាប់ផ្ទុកជំងឺកូវីដ១៩ (COVID-19) បានជាសះស្បើយទាំង ១២២នាក់, ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានថ្លែងសារអបអរសាទរដល់កម្ពុជា ចំពោះសមិទ្ធផលដ៏ល្អ ក្នុងការទប់ស្កាត់ជំងឺនេះ។
យោងតាមការផ្សាយលើ Facebook ស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងសារយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ! ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំដ៏ពិតប្រាកដ របស់សម្តេចតេជោ ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺ (កូវីដ១៩) របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាខ្លាំង»។
បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា បានបន្ថែមថា រហូតដល់ថ្ងៃទី១៦ ខែឧសភា អ្នកផ្ទុកជំងឺ COVID-19 បានធ្លាក់ដល់ «កម្រិតសូន្យ» អត្រានៃការព្យាបាលជាសះស្បើយចំនួន ១០០% ចំនួន ៣៥ថ្ងៃជាប់ៗគ្នា គ្មានករណីឆ្លងនោះទេ។ សូមជូនពរប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅ មានជីវភាពកាន់តែល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។
គួររំលឹកថា ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)៕