(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។
ការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងអង្គភាពពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
គួរជម្រាបថា គម្រោងងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលមានប្រវែងផ្លូវសរុប ៨២,១៤៥គីឡូម៉ែត្រ ដែលបានចាប់ផ្តើមបើកការដ្ឋាន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩៕