(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ បានចេញផ្សាយសៀវភៅជាភាសាអង់គ្លេស ស្តីពីប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២០។

បើតាមការរៀបរាប់របស់លោក ឆាយ សុផល សៀវភៅនេះ មានចំណងជើងថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យជាភាសាខ្មែរថា «ប៊ុន រ៉ានី - ភរិយាបុរសខ្លាំងនៃកម្ពុជា»

លោក ឆាយ ផុល បានបញ្ជាក់ថា សៀវភៅនេះបានបកប្រែពីសៀវភៅជាភាសាខ្មែរ ហើយសៀវភៅជាភាសាខ្មែរនេះ បានចេញផ្សាយតាំងពីខែថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែសៀវភៅជាភាសាអង់គ្លេស មានបន្ថែមរូបភាពខ្លះ ស្តីពីពិធីបុណ្យសពរបស់អ្នកម្តាយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីសប្តាហ៍មុន ដែលលោកក៏បានទៅចូលរួមដែរ។

លោកបញ្ជាក់ថា «ដោយសារខ្ញុំបានទទួលសារតាមអ៊ីម៉េលផង និងតាមហ្វេសប៊ុកផង ព្រមទាំងមានសំណើពីបណ្ណាគារខ្លះ នៅរាជធានីភ្នំពេញថា ពួកគេចង់បានសៀវភៅពីប្រវត្តិរបស់ស្រ្តីទី១នៃកម្ពុជា ទើបខ្ញុំប្រឹងប្រែងធ្វើសៀវភៅនេះ ជាភាសាអង់គ្លេស។ ការធ្វើសៀវភៅមួយច្បាប់ៗ គឺពិតជាមិនងាយស្រួលពេកទេ តែធ្វើដូចម្តេច បើខ្ញុំធ្លាក់ខ្លួនក្នុងអាជីពនេះទៅហើយ»

បើតាមការរៀបរាប់របស់អ្នកនិពន្ធរូបនេះបានឲ្យដឹងថា សៀវភៅដែលចំណងជើងជាភាសាអង់គ្លេសសរសេរថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» ត្រូវបានបកប្រែដោយក្រុមជំនាញ និងមានការកែសម្រួលពីជនជាតិអាមេរិក។

នៅក្នុងទំព័រថ្លែងអំណរគុណបានបង្ហាញថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជួយបោះសៀវភៅនេះចំនួនមួយម៉ឺនច្បាប់។

បើតាមការបញ្ជាក់ពីលោក ឆាយ សុផល សៀវភៅនេះក៏ជាចូលរួមចំណែកអបអរ ចំពោះសម្តេចទាំងពីរ ដែលមានចៅទី២១ នៅសប្តាហ៍នេះដែរ។

បន្ទាប់ពីសៀវភៅនេះទៅ លោក ឆាយ សុផល បានបញ្ជាក់ថា សៀវភៅ «បងប្អូនប្រុសទាំង៣» ដែលរៀបរាប់ពីសាវតារកូនប្រុសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស និងភាសាចិនដែរ នៅខែក្រោយនេះ ខណៈដែលសៀវភៅសម្តេចតេជោ ដែលមានចំណងជើងថា «ហ៊ុន សែន - នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ» នឹងត្រូវចេញផ្សាយជាភាសាអង់គ្លេស នៅក្នុងអំឡុងខែសីហាឆ្នាំនេះ៕