(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានលើកឡើងថា ទោះបីគ្មានអ្នកឆ្លង និងអ្នកជំងឺជាសះស្បើយអស់ក៏ដោយ ក៏យើងនៅតែមិនបន្ធូរដៃ ប្រុងប្រយ័ត្នជានិច្ច ចំពោះការរាតត្បាតលើកទី នៃវីរុស COVID-19 ខណៈអត្រាឆ្លង និងមរណភាព នៅលើពិភពលោកមិនទាន់មានសញ្ញាណថយចុះនៅឡើយ។

ការលើកឡើងបែបនេះ របស់លោកអភិបាលស្រុកតាំងគោក បានធ្វើឡើងក្នុងពិធីចុះសួរសុខទុក្ខ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ជំងឺកូវីត-១៩ តាមខ្នងផ្ទះ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងនៅក្នុងភូមិទួលពភ្លា នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីសង្ឃ ការិយាល័យ និងកងកម្លាំងជុំវិញស្រុកផងដែរ។

លោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ឱ្យយកទុកដាក់ចិត្តចំពោះជំងឺកូវិដ-១៩ បើពោះបីជាប្រទេសកម្ពុជា ប៉ុន្មានខែចុងក្រោយនេះ រកមិនឃើញនៅអ្នកឆ្លងថ្មីយ៉ាងណាក៏ដោយ ក៏ពុកម៉ែកបងប្អូនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យឱ្យបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល ជេលឱ្យបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលឱ្យបានជាប្រចាំ ព្រោះយើងខ្លាចរលកទីពីរកើតឡើង។

ក្នុងឱកាសនោះផងដែរ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ក្នុងនោះ អាជ្ញាធរស្រុកបានជំរុញឱ្យមាតាបិតាបង្រៀនកូននៅតាមផ្ទះ ជាពិសេសក្រសួងអប់រំ បានដាក់ចេញនូវការបង្រៀនតាម Online ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២៕