(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងឲ្យនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងធ្វើស្លាកសញ្ញាចរាចរណ៍ចំនួន ៥ពាន់ស្លាកបន្ថែមទៀត នៅតាមដងផ្លូវនានា ដើម្បីសម្រួលជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា ការកែលំអដោយបន្ថែមស្លាកសញ្ញចរាចរណ៍នេះ ធ្វើឡើងស្របគ្នា ជាមួយនឹងគម្រោងបំពាក់កាមេរ៉ាសុវត្តិភាព តាមដងផ្លូវក្នុងរាជធានី មានចំនួន៦០០គ្រឿង ដើម្បីសំរួលចរាចរណ៏ និងគ្រប់គ្រងបទល្មើស តាមដងផ្លូវផងដែរ។
ជាមួយគ្នានេះ លោក ប៉ា សុជាតិវង្ស ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ កន្លងមកបានស្ថាបនាប្រពន្ធ័លូ និងផ្លូវទាំងតូចទាំងធំ បានប្រវែង១១៧គីឡូម៉ែត្រ ក្នុងប្រវែងសរុបជាង៦០០គីឡូម៉ែត្រ ហើយសាលារាជធានី ក៏កំពុងខិតខំបើកមុខទឹក និងនាំទឹកចេញក្រៅក្រុង ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការលិចលុង ដោយសារជំនន់ទឹកភ្លៀង បានពី៧០ទៅ៨០% នៃតំបន់ដែលធ្លាប់លិចកន្លងមក។
លោកអភិបាលបានបន្ថែមថា សាលារាជធានីភ្នំពេញ កំពុងខិតខំស្តារប្រឡាយ ចាប់ពីផ្លូវទំនប់៧០ ដល់ទំនប់កប់ស្រូវ ដើម្បីទាញទឹកចេញពី កណ្តាលរាជធានី ហើយនៅសប្តាហ៏ ក្រោយយើងនឹងដំណើរការលើកទំនប់២ ជាន់ធ្វើជាអាងចំរោះទឹក ដែលការពារមិនឲ្យប៉ះពាល់ លើផ្នែកបរិស្ថានដល់ប្រជាពលរដ្ឋ តាមបណ្តាសង្កាត់ ដែលនៅជាប់ និងអាស្រ័យ ផលពីបឹងកប់ស្រូវ ក្នុងខណ្ឌព្រែកព្នៅឡើយ៕