Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ទើបបានពរចៅទី២១ ជាលើកដំបូង

16-05-2020 20:51

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងនាមជាជីតាម្នាក់ បានសម្តែងអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយពីបានជួបមុខ និងពរចៅទី២១ ដោយផ្ទាល់ដៃជាលើកដំបូង។

សម្តេចតេជោ ហ៊ុន សែន បានសរសេរខ្លឹមសារតាមរយៈ Facebook យ៉ាងដូច្នេះថា «ទើបបានជួប និងបីចៅស្រីទី២១មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ, ម្តាយឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាកសសេរ»

បើតាមសំណេររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ ដែលចំនួននេះ គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារីមួយក្រុម។

សម្តេចបានសរសេរបន្តថា «ចង់បានដូចនេះ ចៅប្រុស ទាំងអស់ត្រូវចេះលេង ៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។ នេះគ្រាន់តែជាគិតរបស់ជីតា តែមិនដឹងថាចៅៗ នឹងធ្វើតាមយើងឬអត់»?

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់នៅលើទំព័រ Facebook ថា សម្ដេចបានទទួលចៅស្រីមួយរូបទៀតហើយ ដែលត្រូវជាចៅទី២១ របស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ចៅទី២១ ដែលទើបប្រសូត្រនេះ គឺជាកូនរបស់លោកស្រី ហ៊ុន ម៉ាលី ជាមួយលោក សុខ ពុទ្ធិវុធ៕