(ភ្នំពេញ)៖ នៅពេលសង្គ្រាមត្រជាក់ថ្មីរវាងអាមេរិក និងចិនកំពុងតែឡើងកម្តៅ ជាពិសេសនៅពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក ខិតជិតមកដល់ការចោទប្រកាន់ និងការសមគំនិតប្រឆាំងនឹងអ្វីដែលគេហៅថា «រដ្ឋចំណុះ» របស់ចិនដូចជាប្រទេសកម្ពុជាត្រូវបានសារព័ត៌មានជាច្រើនបានរាយការណ៍ និងវិភាគ។
សំណួរសំខាន់មួយសម្រាប់អ្នកអានដែលដឹងខុសត្រូវគឺថា តើធ្វើដូចម្តេចដើម្បីផ្សះផ្សាមនសិការ និងតក្កវិជ្ជារបស់ខ្លួននៅពេលដែលប្រទេសកម្ពុជា ត្រូវបានគេវាយប្រហារយ៉ាងធ្ងន់ធ្ងរលើពាក្យចចាមអារ៉ាមទាក់ទងនឹងមូលដ្ឋានយោធា ខណៈដែលកិច្ចព្រមព្រៀង និងការអនុវត្តដែលមានស្រាប់ដែលបង្ហាញពីបរទេសអាចចូលទៅកាន់មូលដ្ឋានទ័ពនៅក្នុងប្រទេសមួយចំនួនរួចទៅហើយ បែរជាបានរួចផុតពីការរិះគន់របស់អ្នកសរសេរទាំងនោះ?
ក្នុងចំណោមអ្នកដទៃទៀតលោក David Hutt និងលោក Carlyle Thayer គឺជាអ្នកវាយប្រហារដ៏កាចសាហាវប្រឆាំងនឹងប្រទេសកម្ពុជា ប៉ុន្តែពួកគេមិនដែលលាក់ទុកការអាណិតអាសូររបស់ពួកគេចំពោះប្រទេសវៀតណាមទេ។ បើមើលទៅលើការប្រៀបធៀបរឿងរបស់ពួកគេលើប្រទេសកម្ពុជា និងវៀតណាម គេមិនអាចយល់បាននោះទេ ពីរបៀបកំណត់និយមន័យកុម្មុយនិស្ត មូលធននិយម ផ្តាច់ការនិយម រដ្ឋអំណាចផ្ដាច់ការ ប្រយោជន៍យុទ្ធសាស្ត្រ និងការស្រឡាញ់ងាយស្រួល។
លោក David Hutt ជាស្មេរមួយរូបដែលបានមកកម្ពុជា និងជាសព្វវចនាធិប្បាយដែលនិយាយអំពីរឿងអាក្រក់អំពីប្រទេសកម្ពុជា។ គាត់អាចសរសេរជារៀងរាល់សប្តាហ៍ និងមានទេពកោសល្យខ្ពស់ក្នុងការមើលខុសអ្វីៗដែលប្រទេសកម្ពុជាកំពុងធ្វើ រួមទាំងវិធានការណ៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ ។ ប៉ុន្តែសំណួរស្ថិតនៅត្រង់ថា តើលោកពិតជាបានមកប្រទេសកម្ពុជានាពេលថ្មីៗនេះដែរឬទេ? ហើយក៏មានការគួរឲ្យសង្ស័យផងដែរថា តើលោកធ្លាប់និយាយជាមួយមនុស្សពិតប្រាកដ ឬអ្នកធ្វើគោលនយោបាយពិតប្រាកដនៅកម្ពុជា ក្រៅពីអានបណ្តាប្រភពព័ត៌មានដែលប្រឆាំងនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការ Global Witness ដែលជាម៉ាស៊ីនប្រឆាំងនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរឬទេ។
លោក David Hutt បានធ្វើឱ្យមានពាក្យចចាមអារ៉ាមដំបូងអំពីមូលដ្ឋានកងទ័ពជើងទឹកចិន នៅតំបន់ដារ៉ាសាគរក្នុងខេត្តកោះកុង ដោយមិនមានភ័ស្តុតាងសូម្បីតែតិចតួចបំផុតជាអំណះអំណាង ឬព័ត៌មានសម្រាប់បញ្ជាក់ ដែលជាមូលដ្ឋាននៃក្រមសីលធម៌ដែលទាមទារនៅក្នុងសារព័ត៌មាន។ លោក Carlyle Thayer បានអនុវត្តតាមការផ្តល់ការវិភាគយ៉ាងស៊ីជម្រៅរបស់លោកស្តីពីការទូតអន្ទាក់បំណុល ការទ្រទ្រង់ការរស់រានមានជីវិតរបស់របបនាយករដ្ឋមន្រ្តី ហ៊ុន សែន ការព្រួយបារម្ភអំពីការបាត់បង់ឯករាជ្យអធិបតេយ្យ ការព្រួយបារម្ភចំពោះវត្តមានយោធាចិនសន្តិសុខក្នុងតំបន់ ។ល។ នៅពេលដែលរឿងបានស្ងប់ទៅវិញ ស្រាប់តែមានពាក្យចចាមអារាមស្តីពីមូលដ្ឋានទ័ពរាមនៅខេត្តព្រះសីហនុ។ លោក George Orwell បាននិយាយនៅក្នុងសៀវភៅដ៏ល្បីរបស់គាត់ក្នុងឆ្នាំ ១៩៨៤ ថា «ដំបូងពួកគេលួចពាក្យ បន្ទាប់មកពួកគេលួចយកអត្ថន័យ» ។ នេះជាអ្វីដែលអ្នកនិពន្ធដូចជា David Hutt និង Carlyle Thayer កំពុងធ្វើក្នុងយុទ្ធនាការប្រឆាំងនឹងប្រទេសកម្ពុជា។
ប៉ុន្តែការពិតនៅតែជាការពិត ហើយមធ្យោបាយដែលអាចទុកចិត្តបាន និងអាចផ្ទៀងផ្ទាត់បានដើម្បីសម្លាប់ពាក្យចចាមអារាមរបស់ពួកគេគឺ ត្រូវផ្ទៀងផ្ទាត់ជាមួយសេនាសម្ព័ន្ធយោធាបរទេស ដែលបានចូលមើលទីតាំងទាំងពីរនេះដោយផ្ទាល់។ ជាថ្មីម្តងទៀត ហេតុអ្វីបានជាពួកគេត្រូវយកចិត្តទុកដាក់ចំពោះភាពត្រឹមត្រូវ និងអង្គហេតុ?
អត្ថបទគួរឱ្យតក់ស្លុតបំផុតនោះគឺនៅពេលដែលលោក Carlyle Thayer បានសរសេរអំពីលទ្ធភាពនៃការជួលឆកសមុទ្រ Cam Ranh Bay របស់វៀតណាមទៅឲ្យសហរដ្ឋអាមេរិកដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Diplomat កាលពីថ្ងៃទី៦ ខែឧសភា។ តាមការសំណេររបស់លោក អ្វីដែលវៀតណាមបានធ្វើមិនមែនជាទង្វើខុសឆ្គងឡើយ។ ក្នុងនាមជាអ្នកសិក្សាដែលមានឈ្មោះល្បីមួយរូប លោកអាចរកឃើញយុត្តិកម្មផ្លូវច្បាប់ នយោបាយ និងយុទ្ធសាស្ត្រទាំងអស់សម្រាប់សកម្មភាពរបស់វៀតណាម។ ហើយវាហាក់ដូចជា លោកមើលឃើញថា អ្វីគ្រប់យ៉ាងគឺត្រឹមត្រូវជាមួយអ្វីដែលវៀតណាមកំពុងធ្វើ។
ពីអត្ថបទរបស់លោក Carlyle Thayer យើងអាចគូរទ្រឹស្តីដូចខាងក្រោម។ ទីមួយអាចផ្តល់សេវាកម្មដល់កប៉ាល់យោធាបរទេសនៅតាមទីតាំងស៊ីវិលនានានៅឆកសមុទ្រ Cam Ranh Bay ដូចដែលបានធ្វើទៅលើនាវា USNS Richard E. Byrd កាលពីខែសីហាឆ្នាំ ២០១១ និងខែមិថុនា ឆ្នាំ២០១២ នាវា USNS Walter S. Diehl នៅខែតុលា ឆ្នាំ២០១១ និងនាវា USNS Rappahannock នៅខែកុម្ភៈ ឆ្នាំ២០១២ ។ ទីពីរ លោក Carlyle Thayer បានសរសេរថា រុស្ស៊ីអាចមានសិទ្ធិចូលពិសេសនៅកំពង់ផែយោធា Cam Ranh ពីព្រោះកងនាវាចរវៀតណាមភាគច្រើនសាងសង់ដោយរុស្ស៊ី។ ចំណុចនេះត្រូវការការផ្ទៀងផ្ទាត់បន្ថែមទៀត។ ឧបមាថាកងនាវាចររបស់ប្រទេសមួយគឺសាងសង់ដោយចិន តើវាមិនអីទេដែលអនុញ្ញាតឱ្យចិនចូលកំពង់ផែយោធានោះ? ឬតើវាអាចត្រូវបានទទួលស្គាល់សម្រាប់ប្រទេសក្រៅផ្សេងទៀតលើកលែងតែប្រទេសចិន? ទីបី លោក Thayer ហាក់ដូចជាស្នើថា ប្រសិនបើប្រទេសវៀតណាមស្ថិតក្រោម «ស្ថានភាព និងលក្ខខណ្ឌជាក់លាក់» ហើយដរាបណាសេវាកម្មទៅកងនាវាចរបរទេស គ្រាន់តែជាការឈប់សំចតមួយ ដែលមិនមែនជាមូលដ្ឋានរយៈពេលវែង វាជាការសមហេតុផល និងអាចទទួលយកបាន។
យ៉ាងណាមិញ លោក Carlyle Thayer បង្ហាញថាពាក្យចចាមអារាមនៅក្នុងប្រទេសកម្ពុជាពិតជាមានគ្រោះថ្នាក់ជាងកិច្ចព្រមព្រៀងដែលមានស្រាប់ និងការអនុវត្តជាក់ស្តែងនៅលើទឹកដីប្រទេសដទៃទៀត។ ដូច្នេះមធ្យោបាយដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកដើម្បីគេចចេញពីពាក្យចចាមអារាមបែបនេះ គឺប្រហែលជាត្រូវធ្វើយ៉ាងណាឲ្យ លោក Carlyle Thayer និង David Hutt ស្ថិតនៅខាងរបស់អ្នក។ ប៉ុន្តែតើគួរឲ្យប្រទេសធ្វើយ៉ាងនេះយ៉ាងដូចម្តេចទៅ?
លោក លាភ ចន្ថាវី ជាអ្នកវិភាគកម្ពុជាមានមូលដ្ឋាននៅភ្នំពេញ
ដកស្រងពី Khmer Time