(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានក្រើនរំលឹកដល់មន្ត្រី នៅពេលចុះវាស់វែងដីតំបន់ណាមួយ ត្រូវមានការដាក់ពាក្យស្នើសុំ ទិដ្ឋការបញ្ជក់ពីការចុះវាសវែង ចៀសវាងការយកឧបករណ៍ ឬម៉ាស៊ីនទៅវាស់វែងដី ជាលក្ខណៈឯកជន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចធ្វើឱ្យមានផលប៉ះពាល់ ផ្សេងៗដូចជា៖ តំបនដីហាមឃាត់ ឬដីទំនាស់ជាដើម ដែលអាចនាំឱ្យមានបញ្ហាផ្សេងៗ។

ការក្រើនរំឮកបែបនេះរបស់លោក អាង ណារិទ្ធ បានធ្វើឡើងនាឱកាសបើកកិច្ចប្រជុំ ស្តីពី «ការពិនិត្យវឌ្ឍនភាពការងារ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ» ប្រព្រឹត្តក្រោមវត្តមានលោក លី សារី អភិបាលរង ខេត្តបន្ទាមានជ័យ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។

លោក អាង ណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមការងារចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៧ក្រុម ដែលអនុវត្តការងារលើ ៩ក្រុង-ស្រុក នៅទូទាំងខេត្ត។

ជាមួយគ្នានេះដែរ ប្រធានមន្ទីររូបនេះ ក៏បានសង្កត់ធ្ងន់ថា រាល់ការចុះវាស់វែងដីធ្លីក្តី ត្រូវកំណត់ទីតាំងឱ្យបានច្បាស់ថា ត្រូវមានឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ ហើយបើយកឧបរកណ៍ ទៅវាស់វែងដីឯកជន ដោយគ្មានច្បាប់អនុញ្ញាតមន្ត្រីនោះត្រូវទទួលខុសត្រូវខ្លួនឯង។

លោក លី សារី ក៏បានថ្លែងការកោតសរសើរដល់មន្ត្រីភូមិបាល ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អលើកិច្ចការងារ ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីភូមិបាល ត្រូវបន្តចុះបញ្ជីដីធ្លីជូនពលរដ្ឋបន្តទៀត ដើម្បីឱ្យពួកគាត់ទទួលបានឯកសារ កាន់ពេញលេញ និងចាត់ចែងតាមតម្រូវការរបស់ពួកគាត់៕