(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរ ទិវាខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ, សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមអបអរសាទរ និងជូនពរទៅកាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងកម្លាំងនគរបាលជាតិទូទាំងប្រទេស។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ សន្ដិបណ្ឌិត សុខ ផល ដែលជាអតីតមន្រ្តីនគរបាលជាន់ខ្ពស់មួយរូប បានលើកទឹកចិត្ត និងសំណូមពរ កងកម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ គ្រប់ថ្នាក់នៅទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ។
លោកបានបញ្ជាក់ទៀតថា នគរបាលជាតិទាំងអស់ត្រូវបន្ដរួមគ្នារក្សាឲ្យបាននូវសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្ដេជ្ញាមិនឲ្យមានរចនាសម្ព័ន្ធ និងសកម្មភាពបដិវត្តន៍ពណ៌ កើតមានសារជាថ្មីលើកទឹកចិត្តកម្ពុជាជាដាច់ខាត។
លោកបានគូសរំលេចថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់រួមមាន៖
*ទី១៖ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ថ និងគុណូបការៈរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតអង្គ ប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
*ទី២៖ គឺជាការរំឭកការចងចាំនូវដំណើរឆ្លងកាត់ ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សន្តិបណ្ឌិត សុខ ផល ក៏មិនបានភ្លេចនូវការណែនាំឲ្យនគរបាលទាំងអស់ បន្ដស្មារតីប្រុងប្រយ័ត្ន អប់រំក្រុមគ្រួសារ ញាតិសន្ដានឲ្យអនុវត្តបានខ្ជាប់ខ្ជួន តាមវិធានរក្សាអនាម័យ បង្ការ ទប់ស្កាត់ និងប្រឆាំងជំងឺឆ្លង COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងលើកកម្ពស់ស្មារតីសហការ សម្របសម្រួលគាំទ្រដល់សកម្មភាពរបស់ គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំង COVID-19 គ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង COVID-19 ការពារសុខមាលភាពខ្លួនយើង ក្រុមគ្រួសារ និងប្រជាពលរដ្ឋរបស់យើងទាំងមូល៕