(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំម៉ាស់ យកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាជូនមេគ្រួសារមួយចំនួន ស្ថិតនៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ព្រមទាំងណែនាំដល់ពួកគាត់អំពីការធ្វើអនាម័យជាប្រចាំ ដើម្បីការរីករាតត្បាតនៃជំងឺ COVID-19។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានណែនាំឱ្យលាងដៃញឹកញាប់ជាមួយសាប៊ូ ព្រមទាំងប្រគល់ថវិកាខ្លះ ដល់ចៅសង្កាត់ស្នោរ ដើម្បីទិញសាប៊ូជូនប្រជាពលរដ្ឋ។

ឧបនាយរដ្ឋមន្ដ្រី ក៏បានជម្រាបជូនប្រជាជន អំពីបច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅកម្ពុជា ដែលអ្នកជំងឺ១២២នាក់ បានជាសះស្បើយអស់ហើយ ពុំមានអ្នកបាត់បង់ជីវិតទេ ហើយក៏មិនមានការឆ្លងរាតត្បាតជំងឺនេះ ដូចប្រទេសនានាក្នុងលោកនោះទេ ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានក្រសួងសុខាភិបាលជាសេនាធិការ និងដោយមានការខិតខំតស៊ូស្វិតស្វែងគួរជាទីគោរព របស់គ្រូពេទ្យគ្រប់ជាន់ថ្នាក់របស់កម្ពុជា។

សូមបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕