(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងហុងគ្រី បានចុះកិច្ចព្រមព្រៀងជំរុញការវិនិយោគ និងការពារអ្នកវិនិយោគ ព្រមទាំងពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្រោយពេលមើលឃើញទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ នៅមានចំនួនតិចតួចនៅឡើយ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជំរុញការវិនិយោគ និងការពារអ្នកវិនិយោគ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា រវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ពិទ័រ ហ្ស៊ីហ្សារតូ រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេស។
ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានបង្ហាញក្តីរំពឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី នឹងមានការកើនឡើង ក្រោយការចុះកិច្ចព្រមព្រៀង នាព្រឹកនេះ។ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានជំរុញឲ្យហុងគ្រី បង្កើនការនាំចូលអង្ករ និងផលិតផលវេយណភណ្ឌ ពីកម្ពុជាបន្ថែមទៀតផងដែរ។
លោករដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះ «ក្រោយពីនេះ នឹងមានការផ្លាស់ប្តូរពាណិជ្ជកម្ម កាន់តែច្រើនថែមទៀត។ ខ្ញុំស្នើគេទិញអង្ករពីយើងថែមទៀត ទិញវេយណភណ្ឌ គេយល់ព្រមពេញទី»។
ក្នុងជំនួបពិភាក្សាការងារនាព្រឹកមិញនេះ ប្រមុខការទូតកម្ពុជា ក៏បានជំរុញឲ្យប្រទេសហុងគ្រី ជួយជំរុញអ្នកទេសចរ របស់ហុងគ្រី មកកាន់ប្រទេសកម្ពុជាផងដែរ ខណៈដែលកម្ពុជា មានតំបន់សក្តានុពលទេសចរណ៍ជាច្រើនដូចជា ឆ្នេរសមុទ្រ តំបន់ប្រាសាទ និងតំបន់អេកូរទេសចរណ៍។
លោក ពិទ័រ ហ្ស៊ីហ្សារតូ បានបង្ហាញនូវទស្សនសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក បានហៅការរក្សាបាននូវកំណើនសេដ្ឋកិច្ចនេះ គឺជាមោទនភាពមួយ របស់ប្រជាពលរដ្ឋកម្ពុជា។
បើតាមលោក ពិទ័រ ហ្ស៊ីហ្សារតូ ព្រោះតែកំណើនសេដ្ឋកិច្ច របស់កម្ពុជានេះហើយ ទើបធ្វើឲ្យហុងគ្រី ចង់ពង្រីកការវិនិយោគ និងទំហំពាណិជ្ជកម្មជាមួយកម្ពុជា។ លោក បានប្រាប់ក្រុមអ្នកព័ត៌មានថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាគ្រឹះសម្រាប់ជំរុញការវិនិ យោគនៅកម្ពុជា ហើយលោកនឹងខិតខំឲ្យអស់ពីសមត្ថកិច្ចភាព ដើម្បីជំរុញការវិនិយោគនេះផងដែរ។
លោក ពិទ័រ ហ្ស៊ីហ្សារតូ បានថ្លែងថា «យើងនឹងខិតខំធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង កម្ពុជា និងហុងគ្រី»។ ដើម្បីជំរុញការវិនិយោគ និងទំហំពាណិជ្ជកម្ម លោក ពិទ័រ ហ្ស៊ីហ្សារតូ នៅក្នុងដំណើរទស្សនកិច្ច របស់លោកនៅថ្ងៃនេះ ក៏នឹងបើកការិយាល័យពាណិជ្ជកម្ម របស់ហុងគ្រី នៅកម្ពុជាផងដែរ។ ការិយាល័យពាណិជ្ជកម្មនេះ មានទិសដៅជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
បើតាមរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី បានបញ្ជាក់ថា ហុងគ្រី ក៏គ្រោងផ្តល់ប្រាក់ប្រមាណ ២៧លានដុល្លារ ដើម្បីផ្តល់ជាកម្ចីកាប្រាក់ទាប ជួយគាំទ្រដល់ការធ្វើពាណិជ្ជកម្ម របស់ពាណិជ្ជករកម្ពុជា-ហុងគ្រី។ វិស័យ ដែលហុងគ្រីចាប់អារម្មណ៍ សម្រាប់ការវិនិយោគនេះ មានដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ចំណីអាហារ ឱសថ បច្ចេកវិទ្យា និងវិស្វកម្ម។ នេះបើតាមការបញ្ជាក់របស់ លោក ពិទ័រ ហ្ស៊ីហ្សារតូ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ហុងគ្រី ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយគ្នា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៣ តែត្រូវបានផ្តាច់ទៅវិញ នៅឆ្នាំ១៩៧៥។ លុះក្រោយប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសហុងគ្រី ក៏បានភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញនេះ ប្រទេស ហុងគ្រី ក៏បានចូលរួមចំណែកជួយស្តារប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ និងផ្តល់ឱកាសឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។ បើទោះបីទំនាក់ទំនងកម្ពុជា-ហុងគ្រី មានរយៈពេលច្រើនឆ្នាំ យ៉ាងនេះក្តី តែទំហំពាណិជ្ជកម្ម រវាងប្រទេស នៅមានតិចតួចនៅឡើយ។
មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី រយៈពេល១០ខែ ក្នុងឆ្នាំ២០១៥ មានប្រមាណ ២,៥៧លានដុល្លារ។ ក្នុងនោះកម្ពុជា នាំទៅហុងគ្រី មានចំនួន ២,៣៩លានដុល្លារ ខណៈប្រទេសហុងគ្រី នាំចូលមកកម្ពុជា មានត្រឹមតែ ០,១៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕