(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូលចំនួន ៤០គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់អំណោយ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម កម្ពុជាខេត្ត និងក្រុមការងារ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោក ឃិន ញ៉ាណ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងយកចិត្តទុកដាក់គិតគូរ ជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បូរឡើយ ពោលទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ លោកក៏បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោក ឃិន ញ៉ាណ បន្តថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងគិតគូរជានិច្ច ចំពោះសុខទក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានឧបត្ថម្ភសម្ភារ និងថវិកាដល់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះផ្សេងៗជាបន្តបន្ទាប់។ ជាក់ស្តែងនៅពេលនេះ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបាននាំយកមកប្រគល់ជូនដល់ដៃបងប្អូនយើង ដែលរងគ្រោះ បើទោះបីជាអំណោយនេះតិចតួចក៏ពិតមែន តែបានដោះស្រាយការខ្វះខាតរបស់បងប្អូនមួយគ្រាៗផងដែរ»

ជាមួយគ្នានោះដែរ លោក ឃិន ញ៉ាណ ក៏បានណែនាំឲ្យប្រជាពលរដ្ឋកុំអស់សង្ឃឹម ផ្ទុយទៅវិញត្រូវខិតខំធ្វើការងារតាមរបររៀងៗខ្លួន ដើម្បីលើកស្ទួយជីវភាពគ្រួសារ។ លោកបញ្ជាក់ថា ថ្វីត្បិតតែជំងឺកូវីដ១ ៩ត្រូវបានគ្រូពេទ្យបាលជាសះស្បើយ១២២ ក៏ដោយ ក៏ត្រូវបន្តចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩នេះជានិច្ចដែរ ដោយមិនត្រូវប្រហែសឡើយ ពោលគីត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល៕