(ភ្នំពេញ)៖ ស្រ្ដីអាយុ៣៦ឆ្នាំ រស់នៅខេត្ដបន្ទាយមានជ័យ ដែលជាអ្នកជំងឺចុងក្រោយគេបង្អស់ ក្នុងចំណោម១២២នាក់នៅកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ បានសម្ដែងការសប្បាយចិត្ដត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីបានជាសះស្បើយ នឹងធ្វើដំណើរត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ នៅឯស្រុកកំណើត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ។

ស្ដ្រីរូបនេះ បានថ្លែងថា «ខ្ញុំបានធ្វើតេស្ដរកជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ពេលចេញនូវលទ្ធផលថា ខ្ញុំវិជ្ជមាន ខ្ញុំពិតជាស្លុតចិត្ដខ្លាំង ភ័យខ្លាចណាស់ ដោយសារតែខ្ញុំបានឃើញថា នៅបណ្ដាប្រទេសជឿនលឿនលើសកលលោក អ្នកជំងឺកូវីដ១៩នេះ មានអ្នកស្លាប់ច្រើន»

ប៉ុន្ដែ «ពេលខ្ញុំបានទទួលព័ត៌មានថា នៅកម្ពុជាយើងមិនមានករណីស្លាប់ដូចនៅបណ្ដាប្រទេសលើសកលោក ហើយជាសះស្បើយជាបន្ដបន្ទាប់ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្ដតតាំងជាមួយមេរោគនេះ ជាងនោះទៅទៀត ពេលដែលបានមកព្យាបាលជាមួយក្រុមគ្រូពេទ្យ (មន្ទីរពេទ្យខេត្ដបន្ទាយមានជ័យ) សុទ្ធតែជំនាញឆ្នើមណាស់ៗមិនចាញ់ស្រុកគេ ជាពិសេសបានខិតខំព្យាបាល និងមើលថែពួកខ្ញុំយ៉ាងយកចិត្ដទុក លើ២៤ម៉ោង»

ស្រ្ដីអាយុ៣៦ឆ្នាំ «ខ្ញុំស្លត់ណាស់ ហើយក៏មិននឹកស្មានថា ខ្ញុំមានថ្ងៃនេះអាចជាសះស្បើយទៅជួបជុំគ្រួសារវិញផងដែរ បន្ទាប់ពីខ្ញុំបានដឹងថាអ្នកឆ្លងជំងឺកូវីដ១៩។ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្ដទុកដាក់ ដល់ប្រជាពលរដ្ឋទូទាំង ប្រទេស ជាពិសេស សម្រាប់ពួកខ្ញុំជាអ្នកជំងឺ ដែលបានឧបត្ថម្ភនូវអាហារហូបចុបដល់ពួកខ្ញុំ មួយថ្ងៃ៣ពេល ក្នុងមួយពេលបីមុខឆ្ងាញ់ៗធ្វើឱ្យខ្ញុំមានកម្លាំង និងសុខភាពល្អឆាប់ជាឡើងវិញ។ ជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខ ក្រោមការជំរុញពង្រឹងការងាររបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលមើលថែរូបខ្ញុំ និងអ្នកជំងឺដទៃទៀតបានយ៉ាងល្អណាស់ មិនថាយប់ ឬថ្ងៃ ២៤ម៉ោង រហូតដល់ជាសះស្បើយដូចពេលនេះ»

ជាប្រចាំរាល់អ្នកជំងឺកូវីដ១៩ទាំងអស់ គ្រូពេទ្យណែនាំឱ្យធ្វើលំហាត់ប្រាណ ហូបឆ្អែតៗ ឆ្ងាញ់ៗនិងសម្រានឱ្យបានច្រើន មិនឱ្យខ្វល់ខ្វាយ ឬគិតច្រើនទេ ហើយតែងតែជំរុញលើកទឹកចិត្ដ និងការថែទាំពីក្រុមគ្រូពេទ្យជាប់ជានិច្ច។នេះបើតាមការបញ្ជាក់របស់ស្ដ្រីអាយុ៣៦ឆ្នាំខាងលើនេះ។

សូមជម្រាបថា ស្រ្ដីអាយុ៣៦ឆ្នាំ រស់នៅខេត្ដបន្ទាយមានជ័យ ដែលជាអ្នកជំងឺចុងក្រោយគេបង្អស់ ក្នុងចំណោម១២២នាក់នៅកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ និងត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្ដបន្ទាយមានជ័យនៅចុងខែមីនា តែដោយស្ថានភាពសុខភាពគាត់មានរោគប្រចាំកាយស្រាប់ផង បានធ្វើឱ្យការព្យាបាលជំងឺកូវីដ១៩យូរជាងគេ។ ដូច្នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានសម្រេចបញ្ជូនអ្នកជំងឺរូបនេះ មកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតវិញ ដែលជាមន្ទីរពេទ្យធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីមានគ្រូពេទ្យឯកទេសលើជំងឺប្រចាំកាយគាត់ ក្រៅពីកូវីដ១៩ កាលពីដើមខែឧសភានេះ ហើយបានជាសះស្បើយនៅថ្ងៃទី១៦ ឧសភានេះតែម្ដង។

ក្នុងឱកាសអ្នកជាពីជំងឺកូវីដ១៩ចុងក្រោយគេក្នុងចំណោយ១២២នាក់នៅកម្ពុជានេះ ត្រូវបានចេញពីមន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត នៅព្រឹកនេះ ក៏មានវត្ដមានរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមន្ដ្រីជាន់ខ្ពស់សុខាភិបាល រួមទាំងក្រុមគ្រូពេទ្យជួរមុខ បានចូលរួមអបអរសាទរ និងបន្ដណែនាំវិធានការការពារ ពេលទៅកាន់គេហដ្ឋានវិញផងដែរ៕