(ព្រៃវែង)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានផ្តល់ថវិកាចំនួន៥០ម៉ឺនរៀល ជូនគ្រួសារសពជនរងគ្រោះ ដែលបានស្លាប់ ដោយសារគ្រាប់កាំភ្លើង របស់លោកអធិការស្រុកស្វាយអន្ទរ ពេលចុះបង្ក្រាបសង្វៀនជល់មាន់ កាលពីម្សិលមិញ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ដោយមើលឃើញពីជីវភាព របស់គ្រួសារសពជនរងគ្រោះ លើការចំណាយផ្សេងៗនោះ លោកបានផ្តល់ថវិកាខ្លះ ដើម្បីរួមចំណែក សម្រាប់ធ្វើបុណ្យសព។កាលពីព្រឹកមិញ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់ថា អធិការនគរបាលស្រុកស្វាយអន្ទរ លោក ពុំ កាន់ ត្រូវបានចាប់ខ្លួន ក្រោយមានករណីចុះបង្ក្រាប សង្វៀនជល់មាន់ ហើយផ្ទុះអាវុធ រហូតស្លាប់មនុស្សម្នាក់ កាលពីម្សិលមិញ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅពេលនេះលោកអធិការ ត្រូវបានយកមកឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោយចាប់ខ្លួន កាលពីម្សិលមិញ បន្ទាប់ពីមានករណីនេះកើតឡើង។ កាលពីម្សិលមិញ លោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះ បង្រ្កាបល្បែងសុីសងខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) ពេលនោះស្រាប់តែលោកដកកាំភ្លើងខ្លី ពីចង្កេះបាញ់ឡើងលើ ប៉ុន្តមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់កាំភ្លើងនោះ ហោះផ្លាតទៅត្រូវបុរសម្នាក់ ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលសម្លាប់មួយរំពេច។
ការបង្ក្រាបល្បែងស៊ីសងខាងលើនេះ បានធ្វើឡើង នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពេលនោះស្រាប់តែលោកអធិការ បានរាលកៃកាំភ្លើងខ្លី ផ្ទុះត្រូវបុរសម្នាក់ ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលស្លាប់មួយរំពេច។
ប្រជាពលរដ្ឋបានប្រាប់ថា បុរសម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងចំក្បាលនោះ ឈ្មោះ កិត អីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតងឡង ទី៣ ឃុំព្រៃខ្លា និងប្រពន្ធឈ្មោះ សុឹម ម៉េង អាយុ៣៤ឆ្នាំ រស់ស្រុកជាមួយគ្នា។ បើតាមអ្នកភូមិ ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាប ទីតាំងជល់មាន់ ពេលនោះអ្នកមើល និងអ្នកលេង បាននាំគ្នារត់ចេញយ៉ាងប្រសេចប្រសាច រំពេចនោះស្រាប់តែស្នូរគ្រាប់កាំភ្លើង ១គ្រាប់បានផ្ទុះបន្លើរឡើង បន្តិចក្រោយមកស្រាប់តែបុរសម្នាក់ បានដួលដេកនឹងដី នៅក្នុងថ្លុកឈាម ក្រោយពីគ្រាប់កាំភ្លើងនោះ បានហោះទៅទម្លុះក្បាល របស់គាត់ធ្លាយពីម្ខាងទៅម្ខាង។ ដោយឡែកប្រពន្ធបុរសរងគ្រោះពេលនោះ បានស្រែកថា «ហេតុអីបាញ់ប្តីខ្ញុំអញ្ចឹង»។ ប៉ុន្តែសមត្ថកិច្ចមិនបានឆ្លើយតបទេ។ រីឯកូនតូច ដែលត្រូវប្តីបីក្រកងនោះ ក៏រងរបួសបន្តិចបន្តួចផងដែរ៕