(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានដោះលែងសិស្សសាលា២នាក់ ដែលកាន់កាប់អាវុធខ្លីបាញ់ហ្គាសហើយ កាលពីល្ងាចម្សិលមិញ ក្រោយពីកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ និងនាយកសាលា បានរួមគ្នាចាប់ខ្លួន ហើយរកឃើញកាំភ្លើងខ្លីមួយដើម នៅក្នុងកាបូប។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានលួចបង្ហើបនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ថាមូលហេតុដែលនាំឲ្យ លោកចៅក្រមដោះលែង សិស្សសាលាទាំង២នាក់ ដោយសំអាងលើអង្គហេតុ ចំនួន៣រួមមាន ទី១- អាវុធនោះប្រើប្រាស់គ្រាប់ជ័រ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកដទៃទេ បើទោះជាវាមើលទៅស្រដៀងអាវុធពិតៗ ក៏ដោយ ទី២- ដោយសារតែជនសង្ស័យ ជាសិស្សទើបតុលាការ គិតពីអនាគតរបស់ពួកគេ និងទី៣- តុលាការមិនបានរកឃើញបទល្មើស ដែលត្រូវចោទលើ ជនសង្ស័យនោះឡើយ។ មន្រ្តីសាលាដំបូងរូបនេះ បានបន្តទៀតថា ទោះជាយ៉ាងណា ការសម្រេចដោះលែងនោះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការនៅឡើយទេ។
សូមបញ្ជាក់ថា សិស្សសាលាទាំង២នាក់ រួមមានទី១ឈ្មោះ តេង ដាវីត (ម្ចាស់អាវុធ) អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង រស់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប និងទី២ឈ្មោះ ទីវ ដារ៉ាត់ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យបូរី១០០ខ្នង ខណ្ឌសែនសុខ រស់នៅផ្ទះលេខ៣៦ ផ្លូវលេខ៥ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ពួកគេទាំង២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦កន្លងទៅ នៅពេលដែលពួកគេយកអាវុធខ្លីនោះ ចូលទៅក្នងសាលារៀន៕