(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាត ឲ្យមានការនាំចេញស្រូវ អង្ករស និងត្រី ទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ បន្ទាប់ពីបានផ្អាកមួយរយៈចាប់ពីខែមេសា ឆ្នាំ២០២០មក ដើម្បីត្រៀមបម្រុងទុក កុំឱ្យមានការខ្វះខាតស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងប្រទេសខណៈមានការរីករាលដាលជំងឺកូវីដ១៩។
ការសម្រេចឲ្យមានការនាំចេញស្រូវ អង្ករស និងត្រីឡើងវិញនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលសម្រេច ផ្តល់ការអនុញ្ញាតឲ្យធ្វើការនាំចេញស្រូវ អង្ករស និងត្រីទៅក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះតទៅ ដូចមុនពេលប្រកាសបិទ ដោយផ្អែកលើតុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស បន្ទាប់ពីត្រូវបានផ្អាកការនាំចេញនាពេលកន្លងមក»។
សូមជម្រាបថា ដើម្បីតុល្យភាពស្បៀងសម្រាប់តម្រូវការក្នុងប្រទេស ក្នុងពេលជួបប្រទះវិបត្តិជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទការនាំចេញស្រូវ អង្ករស ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ការហាមឃាត់ការនាំចេញអង្ករនេះ គឺហាមឃាត់តែអង្ករស និងស្រូវប៉ុណ្ណោះ ចំពោះអង្ករក្រអូប ត្រូវបានអនុញ្ញាតឲ្យនាំចេញធម្មតា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ក៏បានដាក់ចេញវិធានការ ឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រី ទៅក្រៅប្រទេសផងដែរ ដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ។
ការអនុញ្ញាតឲ្យមានការនាំចេញស្រូវ អង្ករស និងត្រីឡើងវិញនេះ ត្រូវបានគេមើលឃើញថា ដោយសារតែប្រទេសកម្ពុជា ស្ថានភាពជំងឺកូវីដ១៩ មានសភាពធូរស្រាលខ្លាំង៕