(ភ្នំពេញ)៖ ដើម្បីគាំទ្រដល់ការរៀបចំ កែលម្អ និងអភិវឌ្ឍវេទិកាឌីជីថល (Digital Platform) សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ក្នុងការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) នាយកដ្ឋានដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុនផុស្ការខេមបូឌា ដើម្បីបង្កើតវេទិកាឌីជីថលសម្រាប់គ្រឹះស្ថានឧត្តមសិក្សា។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនផុស្ការ (ខេមបូឌា) ឯ.ក នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ក់ ងយ អគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានឧត្តមសិក្សាបានឱ្យដឹងថា គ្រឹះស្ថានឧត្តមសិក្សាត្រូវការជាចាំបាច់នូវប្រព័ន្ធឌីជីថលសម្រាប់ការរៀន និងបង្រៀនសម្រាប់ឧត្តមសិក្សា ហេតុដូចនេះទើបខាងឧត្តមសិក្សាត្រូវការស្វែងរកដៃគូបច្ចេកទេសជំនាញ និងមានបទពិសោធន៍យូរឆ្នាំដើម្បីសហការផ្តល់សេវាវេទិកាឌីជីថលដើម្បីគាំទ្រដល់ការវិវត្តនៃយុគសម័យបច្ចេកវិទ្យាទំនើបដើម្បីជាប្រយោជន៍សាធារណៈក្នុងអនុវិស័យឧត្តមសិក្សា។
លោក គង់ ភូមីកា ប្រធាននាយកដ្ឋានឧត្តមសិក្សាបានឱ្យដឹងថា វេទិកាឌីជីថលសម្រាប់គ្រឹះស្ថានឧត្តមសិក្សានេះ អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាអាចគ្រប់គ្រងព័ត៌មាននិស្សិត បុគ្គលិក និងសាស្រ្តាចារ្យ ព័ត៌មានកម្មវិធីសិក្សា ព័ត៌មានស្រាវជ្រាវ ព័ត៌មានធនធានរៀន និងបង្រៀន ការងារគ្រប់គ្រងព័ត៌មានសម្មិទ្ធកម្មរបស់អនុវិស័យឧត្តមសិក្សា និងអាចពង្រីកមុខងារចាំបាច់ផ្សេងទៀតនាពេលអនាគត ហើយវេទិកាឌីជីថលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងផ្តល់របាយការណ៍ទៅនាយកដ្ឋានឧត្តមសិក្សា ជាពិសេសក្នុងកំឡុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ១២ ដើម្បីធានាឱ្យការសិក្សារបស់និស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតែបន្តទៅមុខប្រកបដោយគុណភាព និងសមធម៌។
លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុនផុស្ការ បានឲ្យដឹងថាវេទិកាឌីជីថលសម្រាប់គ្រឹះស្ថានឧត្តមសិក្សានេះ បានចូលរួមលើកកម្ពស់ដល់ការគ្រប់គ្រងសាលារៀនតាមប្រព័ន្ធឌីជីថល និងការបង្រៀនតាមថ្នាក់រៀនឌីជីថល ដើម្បីឱ្យស្របតាមបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០។