(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សរបស់លោក នឹងដាច់ខាតមិនឱ្យមាន វប្បធម៌ជេរប្រមាថ និងការលាបពណ៌អ្នកដទៃឡើយ ហើយមានតែរួបរួម និងអភិវឌ្ឍប្រទេសទាំងអស់គ្នា។
ការលើកឡើងរបស់ប្រធានគណបក្សនេះ បានធ្វើឡើងស្របពេលដែល សមាជិកគណបក្សមួយចំនួន ដែលភាគច្រើនជាយុវជន បានប្រើប្រាស់នូវពាក្យជេរប្រមាថ លាបពណ៌ទៅវិញទៅមក ដែលបង្កជាទង្វើអសីលធម៌ក្នុងសង្គម។
កាលពីម្សិលមិញ គណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រខ្លួនទាំងអស់ រក្សានូវភាពថ្លៃថ្នូសីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិ បញ្ចេញយោបល់ ឬការរិះគន់បែបអសីលធម៌ តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកការផ្សះផ្សារជាតិ និងឯកភាពជាតិ។
នៅលើបណ្តាញសង្គម Facebook លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបនឹងបង្កើតឡើងនាថ្មីៗនេះ បានលើកឡើងថា «គណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថារាល់មតិដែល បានបញ្ចេញតេ្មសដៀល និងកាត់តរូបភាពបែបអាក្រក់ៗជាដើម ទាំងអស់នោះ ជាសកម្មភាពរបស់សមាជិកខ្លួនហើយ។ ធូស្រាលតិចហើយក្រុម អិល ឌី ភី ដែលមានអ្នកចេញមុខ សារភាពទង្វើរអាក្រក់ៗរបស់ខ្លួន ដោយហេតុ កន្លងមកខ្ញុំគិតថាមានតែក្រុម អិល ឌី ភី តែមួយទេ ដែលជេរគេជេរឯង ឥឡូវឃើញថាមានក្រុមសង្រ្គោះជាតិដែរ»។
លោកបានបន្ថែមថា «ចំពោះគណបក្សយុវជនកម្ពុជាវិញ គឺដាច់ខាតមិនអោយ មានវប្បធម៌ប្រមាថអាក្រក់ៗ និងលាបពណ៍អ្នកដទៃឡើយ គឺមានតែរួបរួម និងអភិវឌ្ឍប្រទេសទាំងអស់គ្នា»។
កន្លងទៅនៅបណ្តាញសង្គម Facebook ក្នុងនោះក៏មានលើទំព័រផ្ទាល់ខ្លួន របស់សម្តេចតេជោ ហ៊ុន សែន ផងដែរមានយុវវ័យមួយក្រុមតូច ដែលហាក់លង់លក់នឹងមនោគមន៍វិទ្យា ប្រឆាំងផ្កាប់មុខ តែងបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថ និងពាក្យមិនសមរម្យជាញឹកញាប់។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យក្រុមការងារ ធ្វើការពន្យល់អប់រំត្រឡប់ ទៅពួកគេវិញផងដែរ។
មានយុវជនមួយចំនួន ដែលមិនត្រឹមតែប្រើពាក្យជេរប្រមាថនោះទេ ពេលខ្លះពួកគេ ក៏ថែមទាំងគំរាមសម្លាប់ថ្នាក់ដឹកនាំ ថែមទៀត។ ជាក់ស្តែងនាថ្មីៗនេះ ឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន តាម Facebook ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ៕