(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីការពារ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា
ក្រៅពីបន្តឹងវិធានការងារ ក្រសួងបានរៀបចំអគារធ្វើចត្ដាឡីស័កមួយបន្ថែមទៀត ក្នុងទីតាំងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដែលមានគ្រែរហូតដល់ទៅ៨០គ្រែ សម្រាប់ធ្វើតចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះទៀតថា រាល់អ្នកដំណើរទាំងអស់ត្រលប់មកកម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងធ្វើតេស្តកូវីដ១៩ បើមានករណីសង្ស័យ ដើម្បីចៀសផុតពីហានិភ័យខ្ពស់នៃការរីករាលដាលនៃជំងឺកូវីដ១៩។
ជាពិសេស «នៅយប់នេះ ជើងហោះហើរពីកូរ៉េត្រលប់មកកម្ពុជា យើងនឹងធ្វើចត្តាឡីស័កដល់ពួកគាត់ទាំងអស់នៅក្នុងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទនៅជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមិនឲ្យនរណាម្នាក់ធ្វើដំណើរទៅគេហដ្ឋាន និងធ្វើដំណើរទៅទីតាំងណាទាំងអស់។ ហើយបើមានករណីសង្ស័យ ក្រុមគ្រូពេទ្យជួរមុខនៅទីនោះ នឹងយកសំណាកគាត់ ដើម្បីធ្វើតេស្តភ្លាមៗផងដែរ»។នេះបើតាមការបញ្ជាក់របស់ របស់លោកស្រី។
លើសពីនោះ ខណៈដែលនៅតាមបណ្តាប្រទេស នៅលើសកលលោកនៅតែមិនទាន់ថមថយនៃជំងឺកូវីដ១៩ កម្ពុជាយើងនៅតែបន្តរឹតបន្តឹង ដោយមិនបន្ធូរដៃនោះ។
ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ ទៅតាមការវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទោះក្នុងកាលៈទេសៈណាក៏ដោយ៕