(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយថា រយៈពេល២សប្ដាហ៍ នគរបាលផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ បានជាង៤២ម៉ឺនដុល្លារ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានអះអាងថា តួលេខដែលគេកំពុងចែកចាយតាមបណ្ដាញសង្គមនោះ គឺជាតួលេខប៉ាន់ស្មានតែប៉ុណ្ណោះ ខណៈចំនួនជាក់ស្ដែង អគ្គស្នងការដ្ឋាននគរបាលជាតិ មិនទាន់គណនានៅឡើយទេ ដោយហេតុថា អ្នកល្មើសខ្លះមិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយ ដូច្នេះមិនទាន់អាចនិយាយបានថា បានចំនួនប៉ុន្មាននោះទេ។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «តួលេខដែលបានចែកចាយនោះ គ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុង។ ហើយតួលេខពិតប្រាកដប៉ុន្មាននោះ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ដូច្នេះមិនអាចនិយាយបានឡើយ ព្រោះអ្នកត្រូវពិន័យខ្លះ មិនទាន់មកប្រាក់នៅឡើយទេ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ថា ថវិកាដែលបានមកពីការពិន័យអំពើល្មើសច្បាប់ចរាចរណ៍ ៧០ភាគរយ ត្រូវបានផ្ដល់ជូននគរបាល ដែលជាមន្ដ្រីអនុវត្តច្បាប់, ២៥ភាគរយ ប្រគល់ជូនអង្គភាពអនុវត្តច្បាប់ និង៥ភាគរយ ប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា នគរបាលចរាចរណ៍ បានផាកពិន័យយានយន្ត២២,៣៨១គ្រឿង ក្នុងនោះម៉ូតូ ១៦,៥៧៩គ្រឿង និងរថយន្ត ៥,៨០២គ្រឿង៕