(កណ្ដាល)៖ យុវជនម្នាក់បានស្លាប់ បន្ទាប់ពីរូបគេ បើកម៉ូតូធំឆ្លងផ្លូវមិនមើលឆ្វេងស្ដាំ ក៏ត្រូវរថយន្តបើកមកដល់ ជាន់ហ្វ្រាំងមិនទាន់ បណ្ដាលឲ្យបុកពេញមួយ ទំហឹងតែម្ដងទៅ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៨ ត្រង់ចំណុច គីឡូត៏ម៉ែត្រលេខ៤២-៤៣ ក្នុងភូមិព្រៃបាំង ឃុំស៊ីធរកណ្ដាល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះត្រូវបាន គេស្គាល់ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស៊ីធរលិច ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិះម៉ូតូធំម៉ាក MSX ពណ៏ក្រហម ពាក់ស្លាកលេខភ្នំពេញ1FI-0294។ ចំណែករថយន្តបង្កម៉ាកហ្វតជារថយន្តរត់ឈ្នួល ភ្នំពេញទៅខេត្តរតនគិរីពាក់ស្លាកលេខ ភ្នំពេញ 2Q-0099 បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
ប្រភពពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងបើកយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូង គឺជិះចេញពីផ្លូវលំឆ្លងផ្លូវជាតិ ដោយមិនបានមើលឆ្វេងស្ដាំនោះឡើយ។ ពេលជិះឡើងមកដល់លើផ្លូវជាតិ ចៃដន្យមាន រថយន្តហ្វតបើកក្នុងទិសដៅ ពីលិចទៅកើតមកដល់ជាន់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យ ជនរងគ្រោះខ្ទាតបោកក្បាលស្លាប់ នៅនឹងកន្លែងតែម្ដងទៅ៕