(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៦ បានផ្សព្វផ្សាយ ផ្ទាំងរូបភាពអប់រំ ស្តីពីផ្សព្វផ្សាយ គុណភាព សុវត្ថិភាពម្ហូបអាហារ ដល់អាជីវករលក់ដូរ នៅសាលាបឋមសិក្សាច្បារអំពៅទី១ និងផ្សារច្បារអំពៅនិង ហាងលក់ទំនិញ។
លោក ប៊ុន សុខូម៉ា អនុប្រធានសាខាបានឲ្យដឹងថា ផ្ទាំងរូបភាពនេះ វាមានសារប្រយោជន៍ ដល់អ្នកលក់-អ្នកទិញ និងអ្នកប្រើទូទៅ ជាពិសេសដើម្បីពង្រឹងការយល់ដឹង អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស ផលិតករ អាជីវករ និងអ្នកប្រើប្រាស់ឲ្យយល់ ដឹងពីកាតព្វកិច្ច និងសិទ្ធិរបស់ខ្លួនក្នុងការសំរេចទិញផលិតផលទំនិញ ម្ហូប អាហារយកទៅលក់ និងប្រើប្រាស់ប្រកបដោយសុវត្ថិភាព ត្រូវបានបញ្ជាក់ទៅលើទំនិញជាម្ហូបអាហារ ដោយសំខាន់ទៅលើសំបកវេចខ្ចប់ និងជៀសវាងការជ្រើសរើសផលិតផល ម្ហូបអាហារ ដែលមាន កំប៉ុងកំពិត ប៉ោង-ច្រេះ ហាមលក់ទំនិញហួសកាល បរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ការដាក់លក់ផលិតផល ម្ហូបអាហារ នៅជិតសាធាតុគីមី ការដាក់តាំងលក់ផ្ទាល់ដី ជាពិសេសហាមការប្រើ សារធាតុហាមឃាត់ក្នុងផលិតផល ម្ហូបអាហារ ដែលធ្វើប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ព្រមទាំងបានពិនិត្យ ឡើង វិញនៅតូបលក់ទំនិញមួយ ចំនួនក្រោយពីបានត្រួពិនិត្យ កន្លងមក។
មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់ម្ចាស់ផលិតផល ទាំងអស់សូមឲ្យ គោរពទៅតាមច្បាប់ តំរូវឲ្យមានការបញ្ជាក់ ឈ្មោះមុខទំនិញ អាសយដ្ឋានអ្នកផលិត ប្រភព បរិមាណ ចំណុះ លេខឡូតិ៍ ថ្ងៃផលិត ថ្ងៃផុតកំណត់នៃការប្រើប្រាស់ គ្រឿងផ្សំ វិធីប្រើ លិខិតអនុញ្ញាតរបស់ស្ថាប័ន មានសមត្ថកិច្ចមុនដាក់ឲ្យ ចរាចរនៅលើទីផ្សារ៕