(ភ្នំពេញ)៖ មកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News បានបង្កើតឡើងមានរយៈពេល៦ឆ្នាំហើយ ដែលបាននិងកំពុងឈរជើងលើសមរភូមិព័ត៌មានយ៉ាងរឹងមាំ។ រយៈពេល៦ឆ្នាំនេះ Fresh News ទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលអាចនិយាយបានថា ជាភាពជោគជ័យមួយក្នុងវិស័យព័ត៌មានពោរពេញដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យាដ៏ទំនើបនេះ។
Fresh News បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ជាមួយបច្ចេកវិទ្យាថ្មីសន្លាងនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានតាមបែបបច្ចេកវិទ្យាទំនើប គឺការបាញ់បញ្ជូនព័ត៌មាន ទៅដល់ដៃរបស់អ្នកអាន។ មានន័យថា អ្នកអានអាចទទួលបានព័ត៌មានភ្លាមៗនៅលើទូរស័ព្ទដៃទំនើប (Smart Phone) និងឧបករណ៍ទំនើបៗ ដូចជា iPad, Tablet ជាដើមដោយគ្រាន់តែដំឡើងកម្មវិធី ទទួលព័ត៌មានរបស់ Fresh News។
ក្រៅពីការបាញ់បញ្ជូនទៅលើទូរស័ព្ទដៃលើកដំបូងហើយនោះ មកដល់ឆ្នាំ២០២០នេះ Fresh News បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់ខ្លួនយ៉ាងច្រើនបណ្តាញ ដើម្បីក្លាយជាជម្រើសដ៏សម្បូរបែប សម្រាប់មិត្តអ្នកអានរបស់ខ្លួន។ បណ្តាញទាំងនោះរួមមាន៖ 1. TV Channel 2. App 3. Website 4. Facebook 5. YouTube 6. Radio 7. Smart TV 8. Telegram 9. English Version 10. Chinesse Version ក្រៅពីនោះ Fresh News ក៏បានបង្កើតគេហទំព័រកម្សាន្តសម្រាប់បម្រើអារម្មណ៍មិត្តៗយុវវ័យផងដែរ Khmer Talking។ គេហទំព័រកម្សាន្តមួយនេះទទួលបាន ការចាប់អារម្មណ៍ខ្ពស់ពីមិត្តៗយុវវ័យ ជាមួយព័ត៌មានសម្បូរបែបពាក់ព័ន្ធព័ត៌មានសិល្បៈ ព័ត៌មានសង្គម កីឡា និងសុខភាពជាដើម។
គិតត្រឹមគម្រប់ខួប៦ឆ្នាំនេះ អង្គភាពព័ត៌មាន Fresh News បានក្លាយជាអង្គភាពព័ត៌មានល្បីមួយនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍ថ្មីចុងក្រោយ, ព័ត៌មាននយោបាយ សង្គម សេដ្ឋកិច្ច សន្តិសុខសង្គម និងព័ត៌មានផ្សេងៗទៀត។ «ការមិននៅទ្រឹងមួយកន្លែង, Fresh News, Not Silent, Keep Moving» គឺជាទិសស្លោកមួយឆ្លាក់ជាប់ក្នុងចក្ខុវិស័យរបស់ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា។
លោក លឹម ជាវុត្ថា បានចាត់ទុកការឈរជើងរបស់អង្គភាពដោយទទួលបានការគាំទ្រយ៉ាងច្រើននេះ ជាមោទនភាពមួយសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាអង្គភាពទាំងមូល។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា សមិទ្ធផលជាមោទនភាពមួយនេះមិនអាចកើតមានឡើយ ប្រសិនបើគ្មានការប្រមូលផ្តុំពុទ្ធិ បញ្ញាស្មារតី និងការខិតខំអស់ពីកម្លាំងកាយចិត្តពីថ្នាក់ដឹកនាំ រហូតដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងតាមបណ្តារាជធានី-ខេត្ត។
ខួប៦ឆ្នាំ នៃការដាក់ឲ្យដំណើរការងារ Fresh News នេះ លោក លឹម ជាវុត្ថា ថ្លែងថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សហការីគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត ធ្វើឲ្យអង្គភាពមួយនេះមានភាពរីកចម្រើន និងក្លាយជាអង្គភាពព័ត៌មានល្បីមួយនៅកម្ពុជា។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនានៃអង្គភាពមួយនេះ ខ្ញុំបេ្តជ្ញានឹងបន្តប្រឹងប្រែងឱ្យអស់សមត្ថភាព ដើម្បីនាំមកនូវភាពរីកចម្រើនបន្ថែម ដល់អង្គភាព។ ខ្ញុំក៏នឹងបន្តប្រឹងប្រែងធ្វើឱ្យអង្គភាពមួយនេះក្លាយទៅជាទីពោរពេញដោយភាពកក់ក្តៅ និងជាម្លប់ដ៏ត្រជាក់ត្រជុំ ស្របតាមបំណងប្រាថ្នា ដូចនឹងពាក្យមួយឃ្លាដែលខ្ញុំតែងតែពោលថា៖ «សេចក្តីសុខរបស់ខ្ញុំ គឺនៅពេលឃើញបុគ្គលិកមានភាពសប្បាយរីករាយ និងមានជីវភាពធូរធារល្អប្រសើរ»។
លោកនាយកប្រតិបត្តិ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅបំផុត ម្ចាស់ក្រុមហ៊ុននានា ដែលតែងបានជួយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើបណ្តាញផ្សព្វផ្សាយព័ត៌មាន Fresh News។ ការឧបត្ថម្ភគាំទ្រពីម្ចាស់ពាណិជ្ជកម្មនានានេះ គឺជាការផ្តល់នូវខ្យល់ដង្ហើមឲ្យអង្គភាពព័ត៌មាន Fresh News អាចឈរជើង និងដំណើរការយ៉ាងរលូន រហូតដល់បច្ចុប្បន្ននេះ។ សូមការអធ្យាស្រ័យខ្ពស់ ចំពោះកំហុសឆ្គងអចេតនា និងមិនបានតាំងចិត្តទាំងឡាយ ដែលបានកើតមានក្នុងការផ្តល់ព័ត៌មានក្នុង រយៈពេល៦ឆ្នាំកន្លងមកនេះ ហើយ នឹងខិតខំកែតម្រូវរាល់កំហុសឆ្គងអចេតនាទាំងអស់នេះ ហើយក៏នឹងខិតខំគ្រប់លទ្ធភាព និងប្រមូលផ្តុំសមត្ថភាព ដើម្បីបម្រើវិស័យព័ត៌មាន ដែលគេនិយមនិយាយថា សមរភូមិសតិអារម្មណ៍មួយនេះឲ្យកាន់តែល្អប្រសើរ។
ជាមួយនឹងខួបឆ្នាំទី៦នេះ លោក លឹម ជាវុត្ថា សូមលើកហត្ថទាំងទ្វេបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យ ដល់សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ជាម្ចាស់ក្រុមហ៊ុន និងមិត្តអ្នកអានទាំងអស់បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងសម្រេចរាល់បំណងប្រាថ្នា និងសូមឲ្យបានទទួលជោគជ័យគ្រប់ការងារ៕