(កណ្ដាល)៖ រោងចក្រតម្បាញ វិនសេតហ្គាម៉េន នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៅវេលាចន្លោះម៉ោង១៖៣០ទាបភ្លឺថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ត្រូវបានក្រុមចោរមិនស្គាល់អត្តសញ្ញាណមួយក្រុម បានបុកគាស់ទម្លាយជញ្ជាំងការិយាល័យរដ្ឋបាល និងចូលទៅគាស់ទូរដែក នៅក្នុងបន្ទប់គណនេយ្យ យកលុយអស់៣ម៉ឺនដុល្លា និងលុយខ្មែរ២០លានរៀល ព្រមទាំងសម្ភារៈមានតម្លៃមួយចំនួនទៀត រួចគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះតំណាងរោងចក្រឈ្មោះ ឃឹម ឃុន ភេទប្រុស អាយុ៧៩ឆ្នាំ មុខរបរ ប្រធានរដ្ឋបាលរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងពីសាច់រឿងថា នៅយប់ថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានគាស់ទំលុះទំលាយបន្ទប់ការិយាល័យរដ្ឋបាល រួចគាស់ ថតតុ របស់គណនេយ្យ គាស់ថតតុរបស់អនុប្រធានរោងចក្រ និងកាត់សោរទូរដែកឆ្នៃបន្ទះធម្មតា រួចចាក់សោរទូរដែកអូតូ បើកយកប្រាក់អស់សរុបចំនួន ប្រហែល ២០លានរៀល និងប្រាក់ដុល្លារប្រហែលជា ៣០,០០០$ទៅបាត់តែម្ដង។

នគរបាល បានឱ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលកំពុងតាមស្រាវជ្រាវចាប់ជនសង្ស័យយកមកអនុវត្តន៍តាមនីតិវិធី៕