(ភ្នំពេញ)៖ បើទោះបីកម្ពុជា និងហុងគ្រី មានប្រវត្តិទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់មកហើយក្តី តែទំហំពាណិជ្ជកម្មប្រទេស ទាំងពីរហាក់មានតិចតួចប៉ុណ្ណោះ។ មន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី រយៈពេល១០ខែ ក្នុង ឆ្នាំ២០១៥កន្លងទៅនេះ មានប្រមាណ ២,៥៧លានដុល្លារ ខណៈឆ្នាំ២០១៤ មានត្រឹម ១,៣២លានដុល្លារប៉ុណ្ណោះ។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ចំពេលលោក ពិទ័រ ហ្ស៊ីហ្សារតូ (Peter Szijjarto) រដ្ឋមន្រ្តីក្រសួងការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសហុងគ្រីកំពុងបំពេញទស្សនកិច្ចនៅ កម្ពុជាថា ទំហំពាណិជ្ជកម្ម ២,៥៧លានដុល្លារ ដែលសម្រេចបានរយៈពេល ១០ខែ ឆ្នាំ២០១៥នោះ ប្រទេសកម្ពុជា នាំទៅហុងគ្រី មានចំនួន ២,៣៩លានដុល្លារ ខណៈប្រទេសហុងគ្រី នាំចូលមកកម្ពុជា មានត្រឹមតែ ០,១៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោក កែន រដ្ឋា បានឲ្យដឹងទំនិញដែលកម្ពុជា នាំទៅហុងគ្រី មានដូចជា អង្ករ ថ្នាំជក់ សម្លៀកបំពាក់ និងផលិតផលវាយណភណ្ឌ ផ្សេងៗទៀត។ ដោយឡែកផលិតផលរបស់ហុងគ្រី នាំមកកម្ពុជាវិញ មានដូចជាអគ្គិសនី បរិក្ខាពេទ្យ និង គ្រឿងបន្លាស់យានយន្ត ជាដើម។
កម្ពុជា-ហុងគ្រី ត្រូវបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៣ តែត្រូវបានផ្តាច់ទៅវិញ នៅឆ្នាំ១៩៧៥។ លុះក្រោយប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសហុងគ្រី ក៏បានភ្ជាប់ទំនាក់ ទំនងឡើងវិញ ជាមួយកម្ពុជារហូតមកដល់បច្ចុប្បន្ន។
ក្រោយភ្ជាប់ទំនាក់ទំនងឡើងវិញនេះ ប្រទេស ហុងគ្រី ក៏បានចូលរួមចំណែកជួយស្តារប្រទេសកម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ និងផ្តល់ឱកាសឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។
បើទោះបីទំនាក់ទំនងកម្ពុជា-ហុងគ្រី មានរយៈពេលច្រើនឆ្នាំយ៉ាងនេះក្តី តែទំហំពាណិជ្ជកម្មរវាងប្រទេសនៅមានតិចតួចនៅឡើ យ។ ដំណើរបំពេញទស្សនកិច្ចរបស់លោក ពិទ័រ ហ្ស៊ីហ្សារតូ រដ្ឋមន្រ្តីក្រសួងការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសហុងគ្រី រយៈ ពេលពីរថ្ងៃនៅកម្ពុជានេះ ត្រូវបានគេរំពឹងចំណងទំនាក់ទំនង កិច្ចសហការ និង សហប្រតិបត្តិការប្រទេសទាំងពីរ នឹងកាន់តែល្អ ប្រសើរ ជាពិសេសទំហំពាណិជ្ជកម្ម ក៏នឹងត្រូវពង្រីកឡើងផងដែរ។
សូមបញ្ជាក់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ លោក ពិទ័រ ហ្ស៊ីហ្សារតូ ចូលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ និងនៅរសៀលថ្ងៃដដែលនេះ នឹងជួបជាមួយ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោក ពិទ័រ ហ្ស៊ីហ្សារតូ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅថ្ងៃនេះផងដែរ៕