(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការងារអាស៊ាន ស្ដីពី «ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ» តាមរយៈប្រព័ន្ធវីដេអូ (Video Conference) របស់ លោក អ៉ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកិច្ចប្រជុំនេះរដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាឡេស៊ី ក្នុងអាណត្តិជាប្រធាន បានដឹកនាំកិច្ចប្រជុំ។

ក្រសួងការងារបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំពិសេសនេះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយឧបត្ថម្ភគាំទ្រដល់កម្មករនិយោជិត និយោជក និងជនងាយរងគ្រោះដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩នេះ។

ជាលទ្ធផល រដ្ឋមន្ត្រីការងារអាស៊ាន បានអនុម័តសេចក្ដីថ្លែងការណ៍រួមស្ដីពី «ការឆ្លើយតបទៅនឹង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ» ដែលមាន៩ចំណុច ក្នុងនោះផ្តោតសំខាន់ទៅលើ ការផ្តល់កិច្ចគាំទ្រដល់ជីវភាព និងសុខភាពរបស់កម្មករនិយោជិត ពលករទេសន្តរប្រវេសក៍ និងអ្នកធ្វើការ ក្នុងវិស័យដែលរងហានិភ័យខ្ពស់, ការធានាថាកម្មករនិយោជិត ដែលត្រូវបានបញ្ឈប់ ឬព្យួរកិច្ចសន្យាការងារ ទទួលបាននូវអត្ថប្រយោជន៍សមស្របតាមច្បាប់ លិខិតបទដ្ឋាន និងលទ្ធភាពនៃប្រទេសជាសមាជិក, ការផ្តល់សេវាថែទាំសុខភាពដល់កម្មករនិយោជិតដែលបានឆ្លងជំងឺកូវីដ-១៩, ការពង្រឹងបន្ថែមប្រសិទ្ធភាពនៃ ការអនុវត្តគោលនយោបាយទីផ្សារការងារ បទដ្ឋានសុវត្ថិភាពនិងសុខភាពការងារ និងប្រព័ន្ធគាំពារសង្គម, និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយក្នុងទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំឡុង ពេលមានការរឹតដ្បិតជាបណ្ដោះអាសន្ន។

ក្រសួងការងារបន្តថា កិច្ចប្រជុំពិសេសនេះ គឺបង្ហាញពីភាពរឹងមាំនៃស្មារតីសាមគ្គីភាព របស់ប្រទេសជាសមាជិកអាស៊ាន ដូចមានចែងក្នុងបាវចនាអាស៊ាន «សហគមន៍តែមួយ វាសនាតែមួយ» ក្នុងការឆ្លើយតបរួមគ្នារបស់អាស៊ាន ចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩៕