(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌យកចែកជូន ដល់ជនងាយរងគ្រោះ ចាស់ជរា និងជនពិការ មានជីវភាពក្រីក្រលំបាក ចំនួន ៧៦គ្រួសារ ក្នុងសង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៧៦គ្រួសារ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាកទីនោះ គឺមានសម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែមានការនឹករឭក បារម្ភអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង ៧៦គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល។

លោក ស៊ាក ឡេង និងលោក ជាម ច័ន្ទសោភ័ណ និងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចតាឡីស័ក ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាល់កុល និងថវិកា ១០ម៉ឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន ០៨នាក់ កំពុងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ នៅវិទ្យាល័យសម្តេចតេជោ «ហ៊ុន សែន សួង» ដោយក្តីអាណិតអាសូរជាពន់ពេក។

ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខទាំ២ ទីតាំងខាងលើ លោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ មិនត្រូវចេញទៅក្រៅ បើមិនមានការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ចំណែកពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជំងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឱ្យយើងស្លាប់បាន៕