(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីរាជការ មន្រ្តីកាកកបាទក្រហមខេត្ត ស្រុក ចុះប្រគល់អណ្តូងស្នប់ចំនួន១២ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ចំនួនពីរភូមិ គឺភូមិព្រះ និងភូមិរណែង ដែលមានពលរដ្ឋរស់នៅចំនួន ១៥៣គ្រួសារ ស្ថិតនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីឱ្យពួគាត់បានប្រើប្រាស់តាមតម្រូវការជាក់ស្តែង។

លោក ស្វាយ សំអ៊ាង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ជាពិសេសការលាងដៃឱ្យបានញឹកញាប់ និងជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល។

ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម ឬមានករណីសង្ស័យសូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។

លោក ស្វាយ សំអ៊ាង ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ជួយថែរក្សាអណ្ដូងទឹកស្អាតឱ្យបានប្រើប្រាស់យូរអង្វែង និងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ និងត្រូវសម្អាត បរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើតជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ១៩។

ក្រោយពីទទួលបានសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះប្រជាពលរដ្ឋរស់នៅភូមិព្រះ និងភូមិរណែង មានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវសេចក្ដីដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើ។

នាឱកាសនោះលោក ស្វាយ សំអ៊ាង ក៏បាននាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនជនចាស់ជរា គ្រួសារក្រីក្រសរុប៤៣គ្រួសារ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ អាវយឺត និងសម្ភារការពារមេរោគកូវីត១៩ និងបានឧបត្ថម្ភថវិកាជូនកម្លាំងប្រជាការពារចំនួន៣០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូចំនួន០៦នាក់ សរុបថវិកាចំនួន ៣០០ដុល្លារផងដែរ៕