(ភ្នំពេញ)៖ ល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) ចំនួន ៤ទីតាំងទៀត ត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកលេងយកមកអប់រំ ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ហើយវត្ថុតាងមួយចំនួនក៏ត្រូវបានដកហូតផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយអាជ្ញាធរបង្ក្រាបល្បែងខ្លាឃ្លោក និងល្បែងបៀរ ២ទីតាំងផ្សេងទៀត ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ។

អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) បន្ថែមទៀតនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យជាអ្នកលេង ចំនួន៤នាក់ និងដកហូតវត្ថុតាងម៉ូតូ២គ្រឿង និងសម្ភារមួយចំនួនទៀត ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តឡើងនូវ ៤ទីតាំងផ្សេងគ្នារួមមាន៖ ភូមិក ២កន្លែង, ភូមិឃ ១កន្លែង, និងភូមិខ១ មួយកន្លែង ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ល្បែងខ្លាឃ្លោក និងល្បែងលេងបៀរ នៅ២ទីតាំងផ្សេងគ្នា ត្រូវបានបង្ក្រាប និងឃាត់ខ្លួនអ្នកលេង និងវត្ថុតាងមួយចំនួនមកអប់រំ ផងដែរ ស្ថិតនៅជួរមាត់ទន្លេ ក្រុមទី១ ភូមិក ដែលជាប្រភេទល្បែងខ្លាឃ្លោក និង១ទីតាំងទៀត (តំបន់ប្រេងខ្មៅ) បង្ក្រាបល្បែងលេងបៀរ ស្ថិតនៅក្រុមទី៥ ភូមិខ១ ដោយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ជា ពិសី បញ្ជាក់ថា ស្ថិតក្រោមការដឹកនាំដោយលោក វ៉ាន់ ផន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ រួមនឹងកម្លាំងប្រជាការពារសង្កាត់ ចំនួន១០នាក់ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់ ចំនួន២កន្លែងផ្សេងគ្នា ដោយក្នុងនោះឃាត់ខ្លួនអ្នកលេង និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនមកសាលាសង្កាត់ ដើម្បីអនុវត្តនិតិវិធី គឺនៅក្រោយពីបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ស្ទូចប្រអប់ប្រេងកូឡា) ចំនួន៤ទីតាំងបន្ថែមទៀត ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕