(ភ្នំពេញ)៖ ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) បានប្រមូលផ្តុំកវីនិពន្ធ តន្រ្តីករ និងអ្នកចម្រៀងដ៏ល្បីនៃប្រទេសខ្លួន ឱ្យចូលរួមផលិតបទចម្រៀងពីផ្ទះរបស់ពួកគេរៀងៗខ្លួននៅប្រទេសឥណ្ឌា ដែលមានចំណងជើងថា «រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ» ដើម្បីជួយផ្ដល់កម្លាំងចិត្តជូនប្រទេសកម្ពុជាដែលជាមិត្តភក្ត្រតមកពាន់ឆ្នាំ ព្រមទាំងពិភពលោកទាំងមូលផងដែរ។

បទចម្រៀងនេះត្រូវបាន៖

*តាក់តែងនិពន្ធដោយ៖ លោក Joe Alvares។
*តារាច្រៀងដោយតារាល្បីៗចំនួន ៨ដួង មាន៖ អ្នកស្រី Usha Uthup លោក Salim Merchant អ្នកស្រី Shefali Alvares Rashid លោក Benny Dayal អ្នកស្រី Sonam Kalra អ្នកស្រី Chandan Bala Kalyan លោក Joe Alvares និងអ្នកស្រី Salome Samira។
*សម្រួលតន្ត្រីដោយ៖ លោក Tubby លោក Ravi Chari លោក Rakesh Chaurasiya និងលោក Faisal Qureshi។

បទចម្រៀងនេះ គឺបកស្រាយជាភាសាអង់គ្លេសទៅក្នុងណូត និងចង្វាក់ភ្លេងនៃតន្ត្រីបុរាណឥណ្ឌា ដែលផ្សព្វផ្សាយពីខ្លឹមសារនៃពាក្យ Vasudhaiva Kutumbakam ដែលមានន័យថា «ពិភពលោក គឺជាគ្រួសារតែមួយ»។ វាគឺជាសារមួយនៃក្តីសង្ឃឹម ភាពរីករាយ ភាពរឹងមំា និងស្មារតីប្រយុទ្ធ ហើយមិនដែលបង្ហាញស្មារតីចុះចាញ់ណាមួយក្នុងការប្រយុទ្ធប្រឆំាងរួមគ្នានឹងជំងឺកូវីដ-១៩។

វីរុសនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើមនុស្សជាតិ ដែលបាននិងកំពុងកាត់ផ្តាច់នូវការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សនិងមនុស្ស ហើយវីរុនេះឆ្លងដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ សាសនា និងជំនឿ ដែលនេះធ្វើឱ្យពិភពលោកមានការធ្លាក់ចុះយ៉ាងគំហុក ប៉ុន្តែយើងរួមគ្នាក្រោកឈរឡើង ដើម្បីជួយក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ កិច្ចសហការ និងការសម្របសម្រួលគ្នាទៅវិញទៅមក និងប្រយុទ្ធរួមគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងវីរុសកូវីដនេះ។

ការតែងនិពន្ធនេះគឺជាការបង្ហាញពីការត្រេកអរ និងការដឹងគុណដ៏ជ្រាលជ្រៅរបស់យើងចំពោះ អ្នកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏ក្លាហានទាំងអស់នៅលើពិភពលោក ដែលបានប្រថុយអាយុជីវិត ដើម្បីការពារយើងទាំងអស់គ្នា។ វាគឺជាអភិវន្ទនាការចំពោះសិល្បករ និងអ្នកសម្ដែងទាំងអស់ដែលតំណាងឱ្យកេរ្តិ៍តំណែលវប្បធម៌នៃប្រទេសយើង ហើយដែលបានចូលរួមចំណែកក្នុងការថែរក្សានូវបេតិកភណ្ឌវប្បធម៌ឱ្យរស់រវើក ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ។ វាជាគុណូបការៈ និងការទទួលស្គាល់របស់មនុស្សជាច្រើនរាប់មិនអស់ ដែលកំពុងជួយអ្នកជិតខាង ជនបរទេស និងមនុស្សជុំវិញខ្លួន ដោយស្ងៀមស្ងាត់ក្នុងគ្រាអាសន្ននេះ។ នេះជាការផ្ញើសារមួយទៅកាន់ពិភពលោកថា យើងប្រាកដជាឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា និងបញ្ហាប្រឈមជាច្រើនដែលមនុស្សជាតិកំពុងប្រឈមមុខ។

ដុតទៀនបំភ្លឺដើម្បីលើកទឹកចិត្តអ្នកធ្វើការជួរមុខ ត្រូវចេះបរិច្ចាគសម្រាប់អ្នកខ្វះខាត និងចាស់ជរា ត្រៀមខ្លួនធ្វើជាអ្នកស្ម័គ្រចិត្តទោះជាមធ្យោបាយណាក៏ដោយ យើងសង្ឃឹមថាអ្នករីករាយនឹងការបកស្រាយចម្រៀងនេះ ហើយនឹងមានការជំរុញលើកទឹកចិត្ត ដើម្បីបន្តប្រយុទ្ធប្រឆាំងរួមគ្នាទៀត។

ចម្រៀងនេះគឺជាការឧទ្ទិសរបស់ក្រសួងការបរទេសឥណ្ឌាជូនដល់ពិភពលោកទាំងមូល។ ICCR គឺជាអង្គការស្វយ័តមួយនៃក្រសួងការបរទេសឥណ្ឌា ដែលមានសមត្ថកិច្ចបង្កើតនូវការយល់ដឹងអន្តរជាតិ និងបង្កើនទំនាក់ទំនងវប្បធម៌ឲ្យកាន់តែស្អិតល្មួតថែមទៀតរវាងប្រទេសឥណ្ឌា និងប្រទេសដទៃ ហើយបង្ហាញនូវអំណាចនៃការទាក់ទាញរបស់ខ្លួនលើឆាតអន្តរជាតិ៕