(ស្ទឹងត្រែង)៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំងនគរបាលចរាចរណ៍ខេត្ត ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី អូត ស៉ីវុត្ថា ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីស្នងការរង នាយការិយាល័យ មេបញ្ជាការវរៈ៧០១ អធិការនគរបាលក្រុង ស្រុក អធិការរងទទួលដឹកនាំការងារចរាចរណ៍ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជាប់នឹងដងផ្លូវជាតិ និងមន្ត្រីនគរបាលចរារចណ៍ផ្លូវគោកក្រុង ស្រុកទាំងអស់ សរុបចំនួន ១៤៣នាក់។

ក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី ស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា លទ្ធផលនៃការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ គិតចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទូទាំងខេត្ត បានផាកពិន័យលើម៉ូតូ និងរថយន្តសរុបចំនួន៦៥៩គ្រឿង ក្នុងនោះម៉ូតូចំនួន៤៨១គ្រឿង, មួក ៣៤១គ្រឿង, និងមានកាចូលបង់ប្រាក់ពីន័យសរុប ៤៧៥គ្រឿង ស្មើនឹងទឹកប្រាក់ ៤០,២៣០,០០០រៀល។

លោកឧត្តមនីយ៍ត្រី ស្នងការរងបន្តថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រោយពេលអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ចរាចរណ៍ថ្មី ទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងនោះបានលើកកម្ពស់ឲ្យប្រជាពលរដ្ឋមានការគោរពច្បាប់កាន់តែប្រសើរឡើង កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករបួស និងហេតុការណ៍គ្រោះថ្នាក់បានគួរអោយកត់សម្គាល់ ព្រមទាំងធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវ ផ្លាស់ប្ដូរឥរិយាបថ ងាកមកចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនេះបង្ហាញ ថាការរឹតបន្តឹងច្បាប់ គឺជួយកាត់បន្ថយគ្រោះថ្នាក់ និងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទៅវិញ។

ឧត្តមសេនីយ៍ត្រី អូត ស៉ីវុត្ថា បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់មន្ត្រីនគបាលចរាចរណ៍ ក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានរួមចំណែកលើកកម្ពស់ឲ្យប្រជាពលរដ្ឋងាក់គោរពច្បាប់ ព្រមទាំងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើប្រៀបធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០១៩។

ឧត្តមសេនីយត្រី អូត ស៉ីវុត្ថា បានណែនាំដល់មន្ត្រីទាំងអស់ត្រូវបំពេញការងារ ជូនអង្គភាពឱ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគោរពបទបញ្ជា ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនធ្វើការផាកពិន័យលើសកាកំណត់ និងបទបញ្ជារបស់ថ្នាកលើ ហាមមិនឲ្យយកប្រាក់ផាកពិន័យលើគោលដៅអនុវត្ត មិនត្រូវឈ្លោះប្រកែក ឬប្រើហឹង្សាជាមួយប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវជាដាច់ខាត និងត្រូវព្យាយាមពន្យល់ប្រជាពលរដ្ឋឲ្យបានយល់កាន់តែច្បាស់ អំពីច្បាប់ចរាចរណ៍ ដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ត្រី ស្នងការនគបាលខេត្តស្ទឹងត្រែង ក៏បានក្រើនរំលឹកមន្ត្រីនគបាលទាំងអស់ត្រូវពង្រឹងការគោរពវិន័យដោយកាត់សក់ខ្លី ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ មានឥរិយាបថសមរម្យក្នុងការនិយាយស្តី និងណែនាំប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់កងកម្លាំង នគរបាលចរាចរណ៍នេះដែរ ឧត្តមសេនីយ៍ស្នងការ បាននាំយកអំណោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់ជូនដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុក មានដូចជាដំបងចរាចរណ៍ និងអាវកាក់ផងដែរ៕