(កោះកុង)៖ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង, លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទសាគរ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ និងសមាជិក សមាជិការស្រុកបូទុមសាគរ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាស្ត្រីម៉េម៉ាជនរងគ្រោះ និងជនងាយរងគ្រោះ រស់នៅឃុំអណ្តូងទឹក សរុបចំនួន១០៩គ្រួសារ។

ការចុះសំណេះសំណាលនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ ដែលមានការរីរាលដាល នៅលើពិភពលោកក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេចតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរុញរាលឡើយ។

លោកស្រី ក៏បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំ ក្នុងការរស់នៅ ពិសេសអនុវត្តឲ្យបានទៀងទាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ និងពីក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួមទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩នេះផងដែរ។

លោកស្រីបានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួន ឬកូនចៅ ត្រូវអញ្ជើញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យ ធ្វើការពិនិត្យសុខភាព និងផ្តល់ប្រឹក្សាជូនបងប្អូន ហើយសូមបងប្អូនត្រូវធ្វើការអនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

លោកស្រីបញ្ជាក់ថា ទោះបីប្រទេសយើងមានស្ថានភាពកូវិដ១៩ធូរស្រាលក៏ដោយ យើងក៏ត្រូវប្រុងប្រយ័ត្នការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវីដ១៩ មិនទាន់រលាយបាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះ កាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ ដូច្នេះយើងត្រូវចូលរួមការពារ ប្រសើរជាងព្យាបាល។

សូមជម្រាបថា អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្រីក្រទាំង១០៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន សារ៉ុង១ អាវយឺត២ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕