(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នឹងចេញសេចក្តីប្រកាសពីការបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺអ៊ីបូឡា នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានអូសបន្លាយអស់រយៈពេលពីរឆ្នាំកន្លងមកនេះ ខណៈដែលប្រទេស លីបេរីយ៉ា ត្រូវបានគេដឹងថា ពុំមានករណីឆ្លងរីករាលដាល នៃជំងឺនេះជាថ្មីទៀតឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា សេចក្តីប្រកាសនេះ នឹងធ្វើឡើងក្នុងទីក្រុង ហ្សឺណែវ បន្ទាប់ពីរយៈពេល៤២ថ្ងៃនៃការធ្វើតេស្តស្វែងរកមេរោគអ៊ីបូឡាក្នុងប្រទេស លីបេរីយ៉ា បង្ហាញថា អវិជ្ជមាន ខណៈដែលប្រទេស ហ្គីណេ និងសេរ៉ាឡេអូន ត្រូវបានប្រកាសមិនមានករណីឆ្លងមេរោគ អ៊ីបូឡាជាថ្មីទៀតជាយូរមកហើយ នេះបើយោងតាមប្រភពពីសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ៕