(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ និងណែនាំដល់មន្ត្រីនគរបាលទាំងអស់ អនុវត្តអាកប្បកិរិយាឱ្យបានសមរម្យ ក្នុងពេលអនុវត្តច្បាប់ចំពោះប្រជាពលរដ្ឋ ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ប្រសិនបើមានមន្ត្រីណាប្រព្រឹត្តខុស ពីការណែនាំរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។

ការសង្កត់ធ្ងន់ៗបែបនេះ របស់ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ បានអញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែលមានមន្ត្រីចូលរួមសរុបចំនួន ៧២៨នាក់ (បែកចែកជា ៤វេនផ្សេងគ្នា) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។ល។

ស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំ របស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។ ម្យ៉ាងវិញទៀតលោកស្នងការបានណែនាំ ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ»

លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ (អាចនិយាយបានដោយប្រើកាស)។

លោកស្នងការ ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕