(ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដប្រចាំថ្ងៃ លោកនៅតែបន្តអំពាវនាវយ៉ាងទទូច ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ រក្សានូវកិច្ចការពារ កុំឱ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា «សូមធ្វើការក្រើនរំលឹក និងបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករជំងឺកូវីដ-១៩ ថ្មីក្នុងរយៈពេលជាងមួយខែកន្លងមកនេះក្ដី ក៏ប៉ុន្តែបុគ្គលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លងឱ្យ បានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនឱ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មី (New Normale) ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជាការប្រកាន់យកនូវការ អនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមាន ក្អកកណ្ដាស់ បន្តអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជាការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម»។
លោករដ្ឋមន្ត្រីបន្តថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ព្រមទាំងកន្លែងលក់ដូរផ្សេងៗ ត្រូវតែបន្តអនុវត្តន៍វិធានការ ការពារឱ្យទៅតាមបែបនៃការរស់ «សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងកូវីដ-១៩» នៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវធានាថា ទីតាំងធុរកិច្ចរបស់ ខ្លួនមិនត្រូវ ក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជន ឬអ្នកបម្រើការនៅទីនោះឡើយ។
លើសពីនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏សូមធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ព្រមទាំងបុគ្គលិក មន្ត្រីសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យនៅគ្រប់លំដាប់ថ្នាក់ (ទាំងថ្នាក់ជាតិ និងក្រោមជាតិ) ជាការចាំណាស់ ទន្ទឹមនឹងការខិតខំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ សូមបង្កើនការយកចិត្តទុកដាក់ និងបន្តការងារផ្តល់សេវាសុខាភិបាលនានាដូចជា សកម្មភាពផ្តល់សេវាសុខភាពមាតា កុមារ និងទារក ការងារចាក់ថ្នាំបង្ការ កិច្ចការពារជំងឺគ្រុនឈាម ការងារប្រយុទ្ធប្រឆាំងទៅនឹងជំងឺគ្រុនចាញ់ អេដស៍ និងរបេង ដែលកម្មវិធីគ្រុនចាញ់នេះ ទាមទារនូវការខិតខំរួមគ្នាថែម ទៀតដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺនេះទាំងស្រុង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បានដាក់ចេញឱ្យអនុវត្តន៍ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការងារផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ និងសេវាសុខភាពផ្សេងៗ នៅតាមបណ្ដាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកតាមខេត្ត និងស្រុក និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស ត្រូវតែប្រព្រឹត្តទៅឱ្យកាន់តែសកម្មថែមទៀត និងផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អ ប្រសើរ ដោយគោរពក្រមសីលធំមវិជ្ជាជីវៈសុខាភិបាលឱ្យបានខ្ជាប់ខ្លួនផងដែរ។ មិនត្រូវឱ្យមានការអាន់ខាន ឬ រាំងស្ទះដំណើរការផ្តល់សេវាសុខាភិបាលណាមួយ ដោយសារតែជំងឺកូវីដ-១៩នេះឡើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសល់តែម្នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់៕