(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារចំនួន៨ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចំនួន៨ផងដែរ។ ប្រទេសទាំង៨ ជាគោលដៅសម្រាប់ក្រសួងបង្កើតកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីនោះ រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារទាំង៨នេះ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារនៃក្រុមការងារនីមួយៗលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។

លោករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំនោះថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បន្តថា ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល ដែលបានកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា គឺត្រូវទាមទារឱ្យកម្ពុជាបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

«ការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ»។ នេះជាការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ។

ក្នុងកិច្ចប្រជុំនេះ លោក ប៉ាន ស័រស័ក្តិ បានបង្ហាញក្ដីរីករាយផងដែរ ដែលបានឃើញការងារចរចា និងការសិក្សាមួយចំនួន ដែលបានចាប់ផ្ដើមរួចហើយបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត រួមមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។

ចំពោះក្រុមការងារដែលមិនទាន់បានចាប់ផ្ដើមការងាររបស់ខ្លួននៅឡើយនោះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យចាប់ផ្ដើមការងាររបស់ខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយគិតគូរ និងរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ គឺនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញ ដែលគេអាចយល់បានថា ជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬ ក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានរំពឹងថា ជួយពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ហើយក៏អាចទាក់ទាញការវិនិយោគរវាងប្រទេសបានចុះកិច្ចព្រមព្រៀងនេះផងដែរ។

បច្ចុប្បន្នកម្ពុជា បាននិងកំពុងចរចាជាមួយនឹងចិន ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានឆាប់។ គេរំពឹងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន លេចចេញជារូបរាងនឹងរួមចំណែកពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែធំ។ គេក៏រំពឹងថា កម្ពុជាអាចស្រូបទាញការវិនិយោគពីចិនបានកាន់តែច្រើនថែមទៀតផងដែរ៕


(រូបភាពកិច្ចប្រជុំផ្ទៃក្នុង ថ្ងៃទី13 ខែឧសភា ឆ្នាំ2020)