(សៀមរាប)៖ សួនបណ្ដុះកូនឈើមណ្ឌល៣ ជាសួនមួយក្នុងចំណោមសួនបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា បានត្រៀមកូនឈើប្រមាណ ៣ម៉ឺនដើម សម្រាប់ដាំ និងចែកចាយជារៀងរាល់ឆ្នាំ សួននេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះកូនឈើ សម្រាប់ការដាំដុះ និងចែកចាយដល់ប្រជាពលរដ្ឋ ដែលមានបំណងយកទៅដាំដុះនៅតំបន់នានា ជាពិសេសនៅក្នុងតំបន់អង្គរ។ ឆ្នាំនេះ សួនបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើព្រៃហូបផ្លែ និងឈើលម្អបានត្រៀមកូនឈើប្រមាណ ៣ម៉ឺនដើម សម្រាប់ការងារដាំដុះ ក៏ដូចជាការចែកចាយ។
លោកស្រី ថៃ ប៊ុនធា បុគ្គលិកនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកការងារគ្រប់គ្រងនៅសួនបណ្ដុះកូនឈើមណ្ឌល៣ បានឱ្យដឹងថា នៅសួននេះមានបណ្ដុះប្រភេទឈើមួយចំនួន ដូចជា ដើមរំដួល ដើមសេមាន់ ដើមគុយ ដើមផ្ញៀវ ដើមផ្កាត្របែកព្រៃ ដើមផ្កាឥនតាណែល និងប្រភេទដើមឈើមួយចំនួនទៀតសរុបជាង១០មុខ។
លោកស្រីបន្ថែមថា សួនបណ្ដុះកូនឈើមណ្ឌល៣នេះ ដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះឡើងវិញនូវប្រភេទកូនឈើដែលកម្រ ក្នុងបំណងអភិរក្សដើមឈើទាំងនោះឱ្យគង់វង្សទៅថ្ងៃក្រោយ។
ចំណែកការងារបណ្ដុះវិញ ដូចទៅនឹងសួនបណ្ដុះកូនឈើដទៃទៀតដែរ ក្រុមការងារបានដើររើសគ្រាប់ពូជនៅតាមព្រៃក្នុងរមណីយដ្ឋានអង្គរ តែពូជខ្លះក៏ត្រូវទិញគេដែរ ដោយសារជាប្រភេទឈើកម្រ ឬឆ្នាំខ្លះដើមទាំងនោះខ្សត់ផ្លែជាដើម។ លោកស្រី ថៃ ប៊ុនធា ប្រាប់ថាក្នុងមួយឆ្នាំ សួនបណ្ដុះកូនឈើមណ្ឌល៣ អាចបណ្ដុះឈើចម្រុះពី២ទៅជាង៣ម៉ឺនដើម។
ទន្ទឹមនឹងនោះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងស្នើសុំកូនឈើយកទៅដាំ អាចទំនាក់ទំនងទៅកាន់ស្នាក់ការអាជ្ញាធរជាតិអប្សរា ហើយរយៈពេលមួយសប្ដាហ៍ពួកគេនឹងទទួលបានកូនឈើយកទៅដាំ។ អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តដល់ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូបយកកូនឈើទៅដាំនៅតាមសាលារៀន វត្តអារាម និងនៅក្នុងសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន៤ទីតាំង៖ ទី១.គឺស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេស និងធ្នង់ ទី២.ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣.ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើហូបផ្លែព្រៃ និងទី៤.ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ។ ក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាគ្រោងដាំកូនឈើ និងចែកចាយកូនឈើប្រមាណ១១ម៉ឺនដើម៕