(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់តុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចម៉ូតូ និងទទួលទិញ ផលចោរកម្ម។ គួររំលឹកដែរថា កាលពីវេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ ដែលត្រូវជនសង្ស័យលួចម៉ូតូ ០១គ្រឿង ម៉ាកHonda សេរីឆ្នាំ២០១០ នៅចំណុចមុខ ម៉ាតឈ្មោះ (ជម្ពូBBម៉ាត) ស្ថិតក្នុងខណ្ឌឬស្សីកែវ។
ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមកម្លាំងជំនាញ របស់អាវុធហត្ថខណ្ឌឬស្សីកែវ បានចុះស្រាវជ្រាវកន្លែងកើតហេតុ ដោយធ្វើការ អង្កេតនិងតាមដាន រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ និង ២០នាទី កម្លាំងជំនាញ អាវុធហត្ថខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ហ្វាស៊ី ហៅ អាស៊ីស្បែកគោ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម (ជាជនដៃដល់ធ្វើសកម្មភាពលួច) ហើយបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (ជាអ្នកទទួលទិញផលចោរកម្ម) នៅវេលាម៉ោង១៧ និង ៣០នាទីថ្ងៃដដែល ព្រមទាំងបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿងដែលជារបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។
ជនសង្ស័យទាំងពីរនាក់ខាងលើ បានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពលួច និងទទួលផលចោរកម្ម ពិតប្រាកដមែន ហើយថែមទាំងធ្លាប់បានប្រើប្រាស់គ្រឿងញៀន រយៈពេល១០មកហើយ៕