(ព្រះវិហារ)៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបួងសួងសូមសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ នៅប្រាសាទកែវសីម៉ា ស្ថិតក្នុងភូមិរលំស្លែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងបានចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន១២៥គ្រួសារ។
លោក ប្រាក់ សុវណ្ណ បានថ្លែងថា ព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីនាពេលនេះ គីជាលើកទី៣ហើយ ដែលលើកទី១ នៅប្រាសាទចតុមុខក្នុងបរិវេណប្រាសាទព្រខ័ន កំពុងស្វាយ លើកទី២ នៅលើភ្នំប្រាសាទព្រះវិហារ និងលើកទី៣នេះ នៅប្រាសាទកែវសីម៉ា។ លោកចាត់ទុកថា ព្រះវត្តមានរបស់សម្តេចព្រះអគ្គមហាសង្ឃរាជទាំង៣លើក ក្នុងខេត្តព្រះវិហារនេះ គឺក្នុងគោលបំណងធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រជាពលរដ្ឋក៏ដូចជាចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រផងដែរ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់និងគិតគូរជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ។
ជាមួយគ្នានោះលោក ប្រាក់ សុវណ្ណ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវរក្សាអនាមយ័ជាប្រចាំ ដើម្បីចូលរួមចំណែកក្នុងសកម្មភាព បង្ការនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ទោះបីជាមកដល់ពេលនេះនៅក្នុងប្រទេសយើង ចំនួនអ្នកជំងឺបានជាសះស្បើយរហូត១២១នាក់ លើ១២២នាក់ក៏ដោយក៏គ្នាត្រូវប្រុងប្រយ័ត្ន និងត្រៀមបង្ការផ្ទាល់ខ្លួនជាប់ជានិច្ច ព្រោះជំងឺនេះមិនទាន់មានថ្នាំសម្រាប់ព្យាបាលនៅឡើយ គឺនៅមានលក្ខណៈឆ្លងជាសកលតាមបណ្តាប្រទេសនានា៕