(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រទានព្រះរាជសារ ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៦៧ ស្តេចយាងចូល ៦៨ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមព្រះរាជសារថ្វាយព្រះពរព្រះមហាក្សត្រ របស់សម្តេចព្រះមហាក្សត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សម្តេចព្រះមហាក្សត្រី មានបន្ទូលក្នុងព្រះរាជសារថា៖ «ប្រជានុរាស្រ្តកម្ពុជា និងម៉ាម៉ង់ (មាតា) សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យព្រះបារមី អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី គ្រប់ព្រះអង្គ ជាពិសេសព្រះបារមី ព្រះតេជានុភាព ព្រះវិញាណក្ខ័ន្ធ ប៉ាប៉ា ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមជួយអភិបាលការពារ និងប្រោះព្រំទឹកអម្រឹតថ្វាយ ព្រះរាជបុត្រ នូវព្រះរាជសព្វសាធុការពរបវរសួស្តី សេរីជ័យមង្គល វិបុលសុខមហាប្រសើរ ប្រកបដោយព្រះរាជសុខភាពមាំមួន ខ្លាំងក្លាបរិបូរណ៌ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មនាយុយឺនយូរ ដើម្បីជាម្លប់ជ្រកកោន នៃប្រជារាស្រ្ត បានសុខក្សេមក្សាន្ត យូរអង្វែងតរៀងទៅ»។
«ម៉ាម៉ង់សូមសម្តែងនូវការកោតសរសើរ ដ៏កក់ក្តៅជាទីបំផុតចំពោះព្រះកិត្តិនាម ព្រះកិត្តិស័ព្វកាន់តែល្បីល្បាញ នៅក្នុងមជ្ឈដ្ឋានជាតិ-អន្តរជាតិ និងមហាជោគជ័យក្នុងព្រះរាជកិច្ច ជាប្រវត្តិសាស្ត្ររបស់ព្រះរាជបុត្រ ក្នុងការខិតខំបំពេញព្រះរាជបេសកកម្មជូនជាតិ សាសនា មាតុភូមិ ទទួលបានសេចក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍ។ ប្រជាជាតិ ប្រជារាស្ត្រកម្ពុជា មានមោទនភាពជាទីបំផុតចំពោះ ព្រះរាជបុត្រ ដែលប្រកបដោយចរិយាសម្បត្តិដ៏ល្អប្រពៃគ្រប់លក្ខណៈ ក្នុងព្រះរាជកិច្ចស្នេហាជាតិ បម្រើឧត្តមប្រយោជន៍ នៃមាតុភូមិកម្ពុជា»៕
ខាងក្រោមនេះ ជាព្រះរាជសារថ្វាយព្រះពរព្រះមហាក្សត្រ របស់សម្តេចព្រះមហាក្សត្រី៖