(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចច្រានចោលបណ្តឹងមេធាវីរបស់ លោក កឹម សុខា ដែលជំទាស់ចំពោះ សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលទទួលយកភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា នេះបើយោងតាមការបញ្ជាក់របស់លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។
លោក គី តិច បានបញ្ជាក់បន្ថែមថា សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ បានចាត់ទុកថា បណ្តឹងឧទ្ធរណ៍របស់មេធាវីលោក កឹម សុខា ធ្វើឡើងដោយមិនត្រឹមត្រូវតាមច្បាប់ ហើយសភាព្រហ្មទណ្ឌ មិនអាចទទួលយកបានឡើយ។ សាលដីកានេះបានជំនុំជម្រះជាសាធារណ: និងប្រកាសចំពោះមុខមេធាវីគូភាគី ខណៈជនជាប់ចោទ កឹម សុខា អវត្តមាន។ ទោះជាយ៉ាងនេះក្តី សាលាឧទ្ធរណ៍ បានបើកសិទ្ធិឱ្យក្រុមមេធាវីរបស់លោក កឹម សុខា ប្តឹងសារទុក្ខផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមក លោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាតឱ្យជួបអតីតថ្នាក់ដឹកនាំ CNRP មិនឱ្យជួបជនបរទេស រួមទាំងមិនអាចចាកចេញពីព្រំដែនផ្លូវដែលតុលាការបានកំណត់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ចផងដែរ។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រហូតដល់ពេលនេះ លោកមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយទេ ដោយតុលាការកំពុងតែបន្តនីតិវិធីសវនាការ លើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ខណៈត្រូវផ្អាកមួយរយៈសិន រង់ចាំស្ថានភាពជំងឺកូវីដ១៩ បានធូរស្បើយ៕