(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការ ស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសជិតខាងតាមច្រករបៀងនានា។ នេះបើតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនអភិបាលខេត្តជាប់ព្រំដែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។
តាមរយៈសេចក្ដីណែនាំនោះ សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញវិធានការចំនួន៥ចំណុច ទៅកាន់អភិបាលខេត្ដជាប់ព្រំដែន ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ជំងឺ COVID-19។
ក្នុងចំណោមវិធានការទាំងនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឲ្យស្រាវជ្រាវ ស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀនានា៕