(កំពង់ស្ពឺ)៖ សំណុំរឿងចាស់បុរសអាយុ៥៤ឆ្នាំ ចាប់រំលោភកុមារីអាយុ ១៣ឆ្នាំ នៅភូមិត្រគៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលនេះត្រូវកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ នគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកបានហើយ ដោយតាមចាប់បានជនដៃដល់នៅ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំផ្ទាល់ ព្រមទាំងអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក អ៉ី សាវិញ ចៅក្រុមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃនេះថា ជនដៃដល់ដែលប្រព្រឹត្ដសកម្មភាពនេះ ឈ្មោះ សំ ម៉ៅ អាយុ៥៤ឆ្នាំ ត្រូវកម្លាំងជំនាញតាមចាប់ខ្លួនបាននៅចំណុចសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះប្អូនស្រីបង្កើត។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើពេល៦ខែ ដើម្បីតាមស្រាវជ្រាវរកជនដៃដល់។
លោកវរសេនីយ៍ទោ ហែម បូណា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សំ ម៉ៅ បានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពងស្ពឺ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសួរនាំបន្ដ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ជាមួយគ្នានេះ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានបញ្ជាការស្រាវជ្រាវលើករណីនេះ និងថ្លែងអំណរគុណដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានរួមដៃគ្នារហូតតាមចាប់បានជនសង្ស័យខាងលើ។
បន្ថែមពីនេះ ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បានអំពាវនាវដល់ស្ថាប័នតុលាការ សូមផ្ដន្ទាទោសជនសង្ស័យ សំ ម៉ៅ ឲ្យបានម៉ឹងម៉ាត់ និងរឹតរឹងតាមផ្លូវច្បាប់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ក្មេងស្រី រងគ្រោះ ដែលទើបមានវ័យ១៣ឆ្នាំ។
អ្វីដែលកាន់តែអាណិតអាសូរដល់ក្មេងស្រីរងគ្រោះអាយុ ១៣ឆ្នាំនោះ គឺរូបនាងជាកូនកំព្រាឪពុក (ស្លាប់) ខណៈម្ដាយបានបោះបង់ចោលរូបនាង ដែលបច្ចុប្បន្នក្មេងស្រីរងគ្រោះ មករស់នៅជាមួយជីដូនចាស់ ក្នុងភូមិកើតហេតុខាងលើ៕