(កំពង់ឆ្នាំង)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការផ្សាយព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក ករណីមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ជិះម៉ូតូមិនពាក់មួក សុវត្ថិភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅពេលថ្មីៗនេះ មានបណ្ដាញសង្គមមួយចំនួន បានបង្ហោះរូបភាព រួមទាំងសារ ជាអក្សរ ធ្វើការរិះគន់ ដល់មន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បើកបរម៉ូតូមិនពាក់មួក ការពារសុវត្ថិភាព ក្នុងពេលដែលកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកំពុងរឹតបណ្ដឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមធ្វើការប្រកាសព័ត៌មាន ជូនមតិសាធារណជនបានជ្រាបថា៖
*ទី១៖ ចំពោះការចុះផ្សាយរូបភាព និងសារជាអក្សររិះគន់ របស់បណ្ដាញព័ត៌មានសង្គម Facebook គឺជារឿងមិនពិតនោះទេ ដោយអ្នកបង្ហោះ បានយករូបភាពចាស់ ថតកាលពីខែឧសភា ឆ្នាំ២០១៩ មកធ្វើការចុះផ្សាយរិះគន់ ដល់កម្លាំងនគរបាលខេត្ត ដែលករណីនេះ លោកស្នងការ បានធ្វើការអប់រំណែនាំ ព្រមានរួចហើយ។
*ទី២៖ ការបង្ហោះរូបភាព និងខ្លឹមសាររិះគន់ខាងលើ បានធ្វើឲ្យមានការប៉ះពាល់ ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ដោយ ស្មើភាពដូចប្រជាពលរដ្ឋដែរ។
*ទី៣៖ ការបង្ហោះរូបភាព និងខ្លឹមសាររិះគន់ខាងលើ ដោយគ្មានមូលដ្ឋានច្បាស់លាស់ (ចម្លងរូបភាព) គឺបានបង្កឲ្យមានភាពវឹកវរនៅក្នុងសង្គម។
អាស្រ័យហេតុនេះ សូមមតិសាធារណជន មេត្តាទទួលជ្រាបជាព័ត៌មាន និងសូមអស់លោក-លោកស្រី អ្នកនាងកញ្ញា ដែលបានបង្ហោះរូបភាព និងខ្លឹមសាររិះគន់ ខាងលើ ធ្វើការកែតម្រូវព័ត៌មានឡើងវិញជាបន្ទាន់ ជៀសវាងធ្វើឲ្យមានការភ័ណ្ណច្រឡំ៕