(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងមានលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ចុះចែកជូនជនងាយរងគ្រោះមានជីវភាពក្រីក្រលំបាក ចាស់ជរា និងជនពិការ ចំនួន៥០គ្រួសារ ក្នុងស្រុកតំបែរ ក្នុងនោះ៣០គ្រួសារនៅឃុំត្រពាំងព្រីង ២០គ្រួសារ នៅឃុំសេដារ ដោយធ្វើឡើងនៅបរិវេណវត្តជីទ្រុន ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេរតែងតែមានការនឹករឭក បារម្ភអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នា ក្នុងអំឡុង ពេលនេះនោះទេ មិនត្រូវចេញទៅក្រៅបើមិនមានការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុត ពីមនុស្សម្នាក់ ទៅមនុស្ស ម្នាក់ទៀត និងអាចឱ្យយើងស្លាប់បាន។
សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិកាចំនួន២ម៉ឺនរៀល។
បន្ទាប់ពីចែកអំណោយរួចលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី និងលោក ស៊ាក ឡេង រួមទាំងសហការី បានបន្តនាំយកស្បៀងអាហារមួយចំនួនធំ ព្រមទាំងម៉ាស់ អាកុល និងថវិការ ទៅផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកតំបែរ នៅសាលាស្រុកតំបែរ ដើម្បីចែកបន្តជូនពលរដ្ឋដែលត្រូវការជាចាំបាច់ដល់ខ្នងផ្ទះ។
បន្ទាប់មកទៀតបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចតាលីស័ក ដោយសំណេះសំណាល និងផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិកា ដល់ពលករដែលទើបមកពីប្រទេសថៃចំនួន១១នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ នៅចំនួន២ទីតាំង គឺនៅសាលាបឋមសិក្សាតំបែរ ក្នុងឃុំតំបែរ និងនៅវិទ្យាល័យហ៊ុនសែនចារថ្មី ក្នុងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕