(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំស្វាយយា បានថ្លែងណែនាំដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃឲ្យបានទៀងទាត់ និងចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទោះមួយរយៈនេះ កម្ពុជាមានស្ថានភាពល្អប្រសើរក៏ដោយ។

លោកថ្លែងបែបនេះ នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែក ជូនដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតក្នុងស្ថានភាពកូវីដ១៩ ចំនួន ៥៨គ្រួសារ មកពី១៥ភូមិ ក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

លោក តូច ប៉ូលីវ៉ា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឧបនាយករដ្ឋមន្រ្តី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋនៅឃុំស្វាយយា។ លោកបានបញ្ជាក់ថា ជំងឺកូវីដ១៩នេះ មិនមានករណីកើតឡើង ដោយសារមូលហេតុនៅក្នុងប្រទេសកម្ពុជាយើងទេ គឺចូលពីក្រៅប្រទេស ហើយជំងឺនេះមានករណីឆ្លងចំនួន ១២២ករណី និងជាសះស្បើយចំនួន ១២១ករណី។

លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ណែនាំកូនចៅឲ្យចៀសឆ្ងាយ ពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ១៩ នោះទេ៕