(កណ្ដាល)៖ ស្នងការនគរបាលខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រាប់ទៅមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលទាំងអស់ មិនត្រូវឃាត់អ្នកបើកបរឱ្យឈប់ដើម្បីសួរនាំរកចំណុចល្មើសនោះទេ ល្គឹកណាឃើញខុសជាក់ស្ដែងទើបអាចឃាត់ត្រួតពិនិត្យបាន។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅឯស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ហាមដាច់ខាតធ្វើការផាកពិន័យទៅលើរថយន្ត ដែលប្រជាពលរដ្ឋទើបទិញថ្មីៗ មិនទាន់មានស្លាកលេខ ក្នុងករណីពួកគាត់មានឯកសារបញ្ជាក់ត្រឹមត្រូវ។

លោកក្រើនរំលឹកថា ចំណុចដែលត្រូវបានផាកពិន័យ ចំពោះរថយន្តមានចំនួន៩ចំណុចសំខាន់ៗ រីឯម៉ូតូមានចំនួន៧ចំណុច ក្រៅពីនោះមិនត្រូវផាកពិន័យឡើយ។ លោកស្នងការបន្តថា ចំពោះគោលដៅត្រួតពិនិត្យ មិនមានសិទ្ធិធ្វើការផាកពិន័យនៅគោលដៅទេ ប៉ុន្តែត្រូវចេញក្រដាស់ផាកពិន័យ ឲ្យទៅអ្នកបើកបរល្មើសច្បាប់ទៅបង់ប្រាក់ពិន័យនេះ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ឬការិយាល័យជំនាញ ដែលនៅជិតទីតាំងត្រួតពិនិត្យច្បាប់ចរាចរណ៍នោះ។

លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ក៏បានណែនាំឲ្យមន្ត្រីនគរបាលទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនត្រូវបើកបរល្មើសច្បាប់នោះទេ ចំពោះករណីមន្ត្រីនគរបាលណាម្នាក់បើកបរមិនគោរពច្បាប់នឹង ត្រូវធ្វើការផាកពិន័យដូចប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ៕