(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
ក្នុងសារលិខិតថ្វាយព្រះពរ បានសរសេរថា «ក្នុងថ្ងៃប្រកបដោយនក្ខត្តឫកដ៏ឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ព្រះវស្សា ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូម ព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ប្រជានុរាស្ដ្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ»។
ឆ្លៀតក្នុងសុន្ទរោកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្ដែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ បំផុតចំពោះគុណូបការៈ ប្រកបដោយព្រះរាជហឫទ័យជ្រះថ្លា និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជាអង្គព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ដ៏ខ្ជាប់ខ្លួន ក្នុងការបំពេញព្រះរាជកិច្ច ដ៏មហាធំធេង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងកូនចៅប្រជានុរាស្ដ្រទូទៅ ឆ្ពោះទៅវឌ្ឍនភាព សង្គមជឿនលឿន ជីវភាព សម្បូរសប្បាយ និងរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ កិត្តិយស និងសុខសុភមង្គល រុងរឿងថ្កុំថ្កើងគ្រប់ពេលវេលា។
ជាថ្មីម្ដងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមី នៃដួងព្រះវិញ្ញាណ ក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាល ថែរក្សា ការពារថ្វាយ ព្រះករុណា ថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្ដីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ដ្រទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕